សិល្បៈ និង កម្សាន្ត

ករុណា ពេជ្រ នៅតែបដិសេធ មិនមានចំណែកភាគហ៊ុន នៅក្នុងផលិតកម្មថោន ភាពយន្តឡើយ សូម្បីតែមួយចំណិតតូច

ភ្នំពេញ៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កាលពីពេលថ្មីៗនេះ ទើបតែបានធ្វើពិធីសែនព្រេន ឡើងវីឡាថ្មី ដ៏ស្កឹមស្កៃ នៅទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Lookingtoday លោក ករុណា ពេជ្រ បានឱ្យដឹងថា ផ្ទះវីឡាថ្មីនេះ ត្រូវបានចំណាយពេលសាងសង់រួច រយៈពេល ២ឆ្នាំ និងចំណាយថវិការសរុបប្រមាណខ្ទង់ ៥០ម៉ឺនដុល្លារ ក្បែរ ៦០ម៉ឺនដុល្លារឯនោះ នេះមិនរាប់ជាមួយតម្លៃដីដែលលោកបានទិញកាលពីជាង ១០ឆ្នាំមុនឡើយ ។

លោក ករុណា ពេជ្រ ត្រូវបានមហាជន និងអ្នកគាំទ្រ ទទួលស្គាល់ថា ជាតារាចម្រៀងប្រុសវ័យក្មេង ដែលមានជីវភាពខ្ពស់ ដែលក្រៅតែពីមានផ្ទះវីឡាធំស្កឹមស្កៃរស់នៅហើយនោះ លោកក៏មានរថយន្តទំនើបតម្លៃខ្ទង់សែនដុល្លារ ព្រមទាំងដីធ្លី ជាច្រើនកន្លែងទៀតផង ។ ដូច្នេះហើយទើបកន្លងមកធ្លាប់មានព័ត៌មានចរចាមអារ៉ាមថាម្ចាស់បទ “លាបាត់ដំបង” រូបនេះ មិនមែនត្រឹមតែជាតារាចម្រៀងក្នុងផលិតកម្មថោនប៉ុណ្ណោះទេ ថែមទាំងមានចំណែកភាគហ៊ុន នៅទីនោះទៀតផង ។

ទាក់ទងនឹងចំណុចនេះផងដែរ លោក ករុណា ពេជ្រ ក៏ធ្លាប់បានបកស្រាយជាច្រើនលើកច្រើនសារមកហើយ ថាលោកមិនមានភាគហ៊ុននៅក្នុងផលិតកម្មថោនឡើយ ។ ហើយឥលូវនេះលោក ក៏បានបញ្ជាក់ប្រាប់ Lookingtoday ជាថ្មីម្ដងទៀតយ៉ាងដូច្នេះថា “បងមិនមានភាគហ៊ុនអ្វីនៅថោនឡើយ សូម្បីតែមួយចំណិត គេចេះតែបង្ហើរទេ” ។

យ៉ាងក៏ដោយលោកក៏បានទទួលស្គាល់ថា លោកធ្លាប់ត្រូវបានគណៈគ្រប់គ្រងផលិតកម្មថោន តែងតាំងជាអ្នកគ្រប់គ្រងទូទៅរយៈពេល ពីរឆ្នាំដែរ បន្ទាប់ពីលោកត្រឡប់មកពីសហរដ្ឋអាមេរិកវិញ នាកំលុងឆ្នាំ ២០១៦ ។

គួរឲ្យដឹងថា លោក ករុណា ពេជ្រ បានចូលជាតារាចម្រៀងក្នុងផលិតកម្មថោននៅឆ្នាំ ២០១០ ដោយបទចម្រៀងក្នុងអាល់ប៊ូមដំបូងបំផុតរបស់លោកនៅផលិតកម្មមួយនះ មានចំណងជើងថា “២០១០ ចប់ស្នេហ៍” និងបទ “បើនៅស្រឡាញ់ទឹកភ្នែកនៅតែហូរ” ៕

ដោយ៖ ម៉ានី

Most Popular

To Top