ភ្នំពេញ ៖ តារាសម្ដែង និងម៉ូឌែល ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា តែងតែធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្ដិ ពោលសរសើរ មិនដាច់ពីមាត់ឡើយ ចំពោះរូបរាងដ៏ស្រស់ស្អាត របស់នាង ដែលជារឿយៗ នាងបានបង្ហោះនៅលើបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង Instagram ។ ហើយសម្រស់ របស់អ្នកមេម៉ាយកូនមួយ រូបនេះ ក៏ត្រូវបានគេប្រៀបប្រដូច ទៅនឹងសម្រស់របស់តារាល្បីៗ នៅបរទេសផងដែរ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ នាង ហ្វី យ៉ាតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត តាមរយៈរូបថតសិចស៊ី ជាច្រើនសន្លឹក ដែលនាងបានបង្ហោះ នៅលើគនណីហ្វេសប៊ុក និង Instagram ផ្ទាល់ខ្លួន របស់នាង ។ ប៉ុន្តែចំណុចដែលគេចាប់អារម្មណ៍ខ្លាំង ជារូបសិចស៊ីទៅទៀតនោះ គឺជាបុរសអ្នកកាន់កាមេរ៉ាថតរូប ឱ្យនាង នោះគឺលោក ហេង ពិទូ ដែលស្រីស្អាតរូបនេះហៅថា «អ្នកថតរូបផ្ទាល់ខ្លួន» ពេញៗមាត់ ធ្វើឱ្យគេសង្ស័យថា អ្នកទាំងពីរកំពុងមាន ទំនាក់ទំនងលើសពីមិត្តភក្ដិធម្មតា ។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ម្ចាស់បទ «ទីបំផុត» និងអតីតស្រីស្អាតចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធី ហ្វ្រេស៊ីហ្គើល អេនប៊យ ( Freshies Girl and Boy) ឆ្នាំ ២០១០ នាង ហ្វី យ៉ាតា តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមដាក់គ្នា បង្អួតអ្នកគាំទ្រតាមរយៈបណ្ដាញ សង្គម រហូតធ្វើឱ្យសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ។ តួយ៉ាងសម្រាប់រូបថតសិចស៊ី ស្លៀកឈុតប៊ីគីនី ដែលស្រីស្អាត ហ្វី យ៉ាតា បង្ហោះ កាលពីពេលថ្មីនេះ ក៏នាងបានបញ្ជាក់ដោយខ្លួនថា គឺលោក ហេង ពិទូ ជាអ្នកថតឱ្យ ។ នេះបើយោងតាមឃ្លាមួយ របស់នាងនិយាយថា «អរគុណជាងថតផ្ទាល់ខ្លួន» ព្រមទាំងមានភ្ជាប់ឈ្មោះគណនីហ្វេសប៊ុករបស់លោក ហេង ពិទូ ទៀតផង ។

យ៉ាងណាក៏ដោយ សម្រាប់សកម្មភាព របស់តារាប្រុសស្រី ទាំងពីរដួង ខាងលើនេះ នៅមិនទាន់ច្បាស់នៅឡើយទេថា ពួកគេកំពុងផ្ដើមស្នេហ៍ ជាមួយគ្នាម្ដងទៀត ក្រោយពីបែកគ្នាអស់ រយៈពេលជាច្រើនឆ្នាំ ។ ហើយណាមួយអាចថា ពួកគេកំពុងចាប់ដៃគ្នា ធ្វើការទៅលើបទចម្រៀងថ្មីក៏ថាបាន ។

គួរឱ្យដឹងផងដែរថា កាលពីប្រមាណជាង ៦ឆ្នាំមុន លោក ហេង ពិទូ និងអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាគូស្នេហ៍ នឹងគ្នា ហើយក៏បាន បែកគ្នាទៅវិញ ដោយម្នាក់ៗ សុទ្ធតែមានអ្នក ស្អំបេះដូង ជាបន្តបន្ទាប់ ។ ហើយទើបតែមួយរយៈចុងក្រោយនេះ ទើបឃើញគេទាំងពីរ ត្រឡប់ មកស្និទ្ធស្នាលគ្នាម្ដងទៀត ដែលជាហេតុនាំឱ្យមាន ការលើកឡើងថា ហេង ពិទូ និង ហ្វី យ៉ាងតា អាចនឹងវិលរកឆ្នាំងចាស់ ខណៈដែលទាំងពីរនាក់ធ្លាប់ មានប្រវត្តិបង្កាត់ភ្លើង ស្នេហ៍ជាច្រើនរាប់មិនអស់ ៕

ដោយ៖ ម៉ានី



