សិល្បៈ និង កម្សាន្ត

ស្រីស្រស់ ឆុំ វត្តី តួក្នុង រឿង ” ហ្លួងព្រះស្តេចកន” នៅតែមិនទាន់បង្ហើប ពីគម្រោងចូល សិល្បៈឡើងវិញ ឬអត់

ភ្នំពេញ ៖ បើគិតមកដល់ពេលនេះរយៈពេល ៣ ខែមកហើយ ដែលតារាសម្ដែង ស្រីរូបស្រស់ ឆុំ វត្តី ទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាត ក្រោយពីអ្នកនាង បានដឹកដៃគូស្នេហ៍ ចូលរោងការសាងជីវិតគ្រួសារមួយ យ៉ាងមានសុភមង្គល អស់រយៈពេលមួយឆ្នាំ ជាងកន្លងទៅ ។ ក្នុងនោះ ជីវិតគ្រួសាររបស់នាងកាន់តែបន្ថែមនូវក្ដីសុខខ្លាំងឡើង ក្រោយពីសម្រាលកូនស្រីដំបូង កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ នោះ ។

ជាការពិតណាស់ បន្ទាប់ពីសម្រាលកូន ស្រីស្អាត ឆុំ វត្តី មិនដែលបានបង្ហើបថា អាចនឹងចូល សិល្បៈ វិញឡើយ ហើយបើមើលសកម្មភាព ជាក់ស្ដែងរបស់នាង ដែលបង្ហាញនៅលើបណ្ដាញសង្គម ក៏ឱ្យអ្នកគាំទ្រកាត់យល់បានដែរថា ទំនងនាងមិនមានគម្រោង ចូលសិល្បៈវិញឆាប់ៗនេះឡើយ ដោយបច្ចុប្បន្ននាងកំពុងចំណាយ ពេលរស់នៅជាមួយស្វាមី និងមើលថែទាំ កូនទាំងស្រុង ។ មិនតែប៉ុណ្ណោះ នាងក៏ឆ្លៀតពេលផ្សាយលក់សម្លៀក តាមអនឡាញផងដែរ ដែលកំពុងទទួលបានការគាំទ្រ ខ្លាំងមិនធម្មតាឡើយ ។

ហេតុផលមួយទៀត ដែលធ្វើឱ្យទស្សនិកជនកាន់តែកាត់យល់ថា តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” អាចនឹងមិនទាន់ចូលប្រឡូកសិល្បៈ ព្រោះបច្ចុប្បន្ននាងឡើងគីឡូខ្លាំង មិនមានរាងស្លីមស្រឡូន ដូចមុនឡើយ ហើយនាងក៏មិនដែលខ្វល់ខ្វាយជាមួយសាច់ទ្រលុកទ្រលន់នេះដែរ ។

ជាមួយគ្នានេះដែរ កាលកន្លងទៅនេះ ឆុំ វត្តី ក៏បានស្លៀកពាក់ឈុតសិចស៊ី បញ្ចេញគល់ភ្លៅ និងសាច់ទ្រូង ជាមួយរាងកាយក្រោយ ពេលសម្រាល កូនរបស់នាង ដែលមើលទៅនាងហាក់ដូចជាសប្បាយចិត្ត និងជឿជាក់យ៉ាងខ្លាំង ពុំមានស្ទាក់ស្ទើស្ដាយស្រណោះ រូបរាងស្រឡូនស្អាតកាលពីមុនឡើយ ។

គួរបញ្ជាក់ដែរថា ឆុំ វត្តី បានរៀបការជាលក្ខណៈគ្រួសារ ជាមួយស្វាមីរបស់នាងឈ្មោះលោក រិទ្ធិ ហួរក្សា កាលពីអំឡុងដើមខែ ឧសភា ឆ្នាំ ២០២០ ចំពេលដែលប្រទេសកម្ពុជា កំពុងផ្ទុះជំងឺកូវីដ១៩ ។ គេដឹងថា លោក រិទ្ធិ ហួរក្សា ដែលជាប្ដី របស់ស្រីស្រស់រូបនេះ គឺជាកូនប្រុសរបស់ម្ចាស់ ផលិតកម្មភាពយន្តមួយ ក្នុងស្រុក ហើយក្រោយរៀបការ នាងក៏មានតួនាទីជាអ្នកចាត់ការទូទៅ នៅក្នុងផលិតកម្មឪពុកក្មេក របស់នាងផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top