ភ្នំពេញ ៖ មានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ក្រោយឃើញតារាសម្ដែង សិទ្ធី នីកា បង្ហាញភាពផ្អែមល្ហែម ជាមួយស្វាមីនាងគឺ ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ នៅក្នុងថ្ងៃកំណើត កូនប្រុសគម្រប់អាយុ ២ឆ្នាំ។

ដូចដែលទស្សនិកជន បានដឹងស្រាប់ រួចមកហើយថា បច្ចុប្បន្នឯកស្រី ក្នុងរឿងភាគ «ពណ៌ជីវិត» របស់ស្ថានីយ ទូរទស្សន៍ PNN កំពុងរស់នៅយ៉ាង មានសុភមង្គល និងខ្ពស់មុខមាត់បំផុត ក្រោយពីបានសាងចំណង ស្នេហ៍ជាមួយខ្សែ រាជវង្សគឺព្រះអង្គ ម្ចាស់នរោត្តម ចារូច័ក្រ ជាបុត្រា ព្រះអង្គនរោត្តម ចក្រពង្ស ។ ហើយភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់នេះ ធ្វើឱ្យអ្នកគាំទ្រស្ញប់ស្ញែង និហសាទរយ៉ាងខ្លាំង ។
កាលពីកំឡុងខែ តុលា ឆ្នាំ២០១៩ តារាសម្ដែង សិទ្ធី នីកា សម្រាលបានកូនប្រុសម្នាក់ ជាដំណត់ឈាមរួមគ្នាដំបូង ជាមួយស្វាមី ហើយជារឿយៗ ពួកគេតែងតែបង្ហាញសកម្មភាព ផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក មើលទៅពិតជាគួរឱ្យច្រណែនបំផុត ។

តួយ៉ាងថ្មីៗនេះ សិទ្ធី នីកា បានបង្ហោះរូបថតយ៉ាងផ្អែមល្ហែមជាមួយស្វាមី ព្រមទាំងបង្ហាញសំណេរដ៏អន្លង់អន្លោចយ៉ាងដូច្នេះថា “រីករាយ ថ្ងៃ កំណើត គម្រប់ ខួប២ឆ្នាំ ណាកូនសម្លាញ់ម៉ាក់ អគុណកូន ដែលបានចូលមក ក្នុងជីវិតម៉ាក់ ធ្វើឱ្យម៉ាក់ស្គាល់ពីទំហំ នៃសេចក្ដីស្រឡាញ់ កាន់តែច្បាស់ស្គាល់ ពីកាតព្វកិច្ច ជា ម្តាយតាំងពីថ្ងៃ ដែលមានវត្តមានកូន នៅក្នុង ពោះរហូតមកដល់ ពេល នេះ គឺ ម៉ាក់ នៅតែមានអារម្មណ៍រំភើប រំភើប ដែលបាននៅក្បែរ កូន ស្គាល់ ពី សេចក្តី សុខ កាន់តែច្បាស់ ម៉ាក់សន្យាថា នឹងធ្វើជាម្តាយ ជាបង ជាប្អូន ជាមិត្តបំពេញ គ្រប់បែបយ៉ាង មិនអោយ កូនស្គាល់ ពាក្យថា ឯកោ ហើយ សន្យា ថា នឹង ផ្តល់ ពេលវេលា ឱ្យកូន ច្រើនជាងអ្វីៗ ទាំងអស់ ។
សេចក្ដីសុខនឹង ស្នោមញញឹម របស់កូន គឺ ជាសេចក្តីសុខ របស់ប៉ា និងម៉ាក់ ពាក្យជូនពរ គឺ ម៉ាក់តែងតែបន់ផ្សង ជូនកូនគ្រប់ពេល ។ ម៉ាក់ និង ប៉ា ស្រលាញ់កូន លើសពីអ្វីៗ ទាំងអស់ Happy birthday my baby Enzo នរោត្តមពង្សច័ក្រី» ។
គួរឱ្យដឹងដែរថា តារាសម្ដែង សិទ្ធី នីកា មានដើមទុនសិល្បៈតាំងពីអាយុ ១៣ឆ្នាំ មកម្ល៉េះ ដោយកាលនោះ នាងបានចូលរួមថតរឿងអប់រំខ្លីឱ្យមណ្ឌល ព័ត៌មានស្ត្រីកម្ពុជា ។

ក្រោយមក នាងក៏បានលេចមុខ នៅក្នុងបទចម្រៀង Original Songs និងស្ប៉តពាណិជ្ជកម្ម រួមទាំងរឿងភាគ មួយចំនួនទៀត ដែលគេសរសើរថា នាងមានរូបសម្រស់គួរ ឱ្យទាក់ទាញ ទើបធ្វើឱ្យប្រុសៗទាំងឡាយ ជ្រួលជ្រើមតាមសុំស្នេហ៍ ។

បន្ទាប់មកទៀតក្នុងកំលុងឆ្នាំ ២០១៧-២០១៨ ខណៈដែលទីផ្សារ ការងារសិល្បៈហក់ឡើងខ្លាំង ស្រាប់តែ សិទ្ធី នីកា បានបង្ហាញជាសាធារណៈនូវ ទំនាក់ទំនងស្នេហា របស់នាង ជាមួយសែស្រឡាយរាជវង្ស គឺព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ហើយរហូតមកទល់ពេលនេះ ពួកគេទាំងពីរមិនទាន់ បានបង្ហាញពីគម្រោងរៀបការនៅឡើយ បើទោះជាមានកូនដំណក់ឈាមរួមគ្នា ដែលមានអាយុ ២ឆ្នាំ ហើយ៉ាងណាក៏ដោយ ៕
ដោយ៖ ម៉ានី
