លោក Christian Albert Gaza ដែលអះអាងថាខ្លួនជាសេដ្ឋីមួយរូប ប្រចាំប្រទេសហ្វីលីពីន បានជួលបដាអស់ប្រមាណ ៤ម៉ឺនដុល្លារ ដើម្បីសុំជួប Jennie សមាជិកម្នាក់ក្នុងក្រុម Blackpink ទៅហូបបាយក្រៅជាមួយគ្នា។ បើយោងតាមការចុះផ្សាយរបស់ The Straitstimes កាលពីពេលថ្មីៗនេះ។
អ្នកគាំទ្រតារា K-pop ដ៏ងប់ងុលរូបនេះ បានជួលបដាចំនួនពីរ ដាក់នៅក្បែរការិយាល័យ YG Entertainment ដោយមានរូបថតមុខរបស់ខ្លួន និងបានសរសេរ ជាភាសាអង់គ្លេស និងភាសាកូរ៉េ ដែលបកជាភាសាខ្មែរមានន័យថា៖” Kim Jennie Ruby Jane អ្នកជាមនុស្សស្រីម្នាក់ ដែលខ្ញុំលូចស្រលាញ់ខ្លាំងបំផុត។ តើខ្ញុំអាចអញ្ជើញអ្នក ទៅហូបបាយល្ងាចជាមួយគ្នា ដើម្បីធ្វើឲ្យខ្ញុំក្លាយជាមនុស្សប្រុស មានក្ដីសុខជាងគេបានអត់?
លោក Gaza ក៏បានបង្ហោះនៅបណ្ដាញសង្គម Facebook របស់ខ្លួនផងដែរថា មូលហេតុដែលលោកធ្វើបែបនេះ គឺដោយសារលោកមិនដឹងធ្វើយ៉ាងម៉េច ដើម្បីទាក់ទង Jennie បាន។ លោកក៏បង្ហោះសារ បន្តបន្ទាប់ផងដែរថា គោលបំណងដំបូងរបស់លោកគឺចង់ទិញផ្ទះ ទិញដីឲ្យនៅប្រទេស កូរ៉េខាងត្បូងហ្នឹងតែម្ដង តែខាង YG Entertainment លែងទទួលក៏សម្រេចចិត្ត ហៅទៅហូបបាយល្ងាច ជាមួយគ្នាវិញ។
លើសពីនេះ អ្នកគាំទ្រហ្វីលីពីនរូបនេះ ក៏បានបង្ហោះរូបកាត់ត រវាងខ្លួននិង Jennie បែបកៀតកើយជិតស្និទ្ធគ្នាផងដែរ។
ទាក់ទងនឹងរឿងនេះ ក្រុមអ្នកគាំទ្រ Blackpink បានស្នើឲ្យ YG មើលការខុសត្រូវការពារ Jennie ឲ្យមែនទែនក្រោយឮថា លោក Gaza ជាជំនួញបោកប្រាស់ មានឈ្មោះមិនសូវល្អ និងធ្លាប់ជាប់ទោស កាលឆ្នាំ២០១៨ផងដែរ។
បើតាមប្រភពខាងលើ នេះមិនមែនជាលើកទីមួយទេ ដែលលោក Gaza បានជួលបដាអញ្ជើញតារាស្រីល្បីៗ មកហូបបាយ ដោយគេក៏ធ្លាប់ធ្វើបែបនេះ នៅប្រទេសហ្វីលីពីនរបស់ខ្លួនផងដែរ កាលពីឆ្នាំមុនៗ៕ Source: Sabay