ភ្នំពេញ ៖ មួយរយៈខ្លីចុងក្រោយនេះ ធ្លាប់មានដំណឹង ក៏ដូចជាពាក្យចរចាមអារ៉ាម ជាច្រើនបានលើកឡើងថា តារាចម្រៀង របស់ផលិតកម្មហង្សមាស គឺលោក ខេមរ: សិរីមន្ត ត្រៀមនឹងចាកចេញពី ផលិតកម្មហង្សមាស ចូលទៅកាន់ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ហើយដំណឹងនេះផងដែរ បានក្លាយជាដំណឹងដ៏រសើប ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រចង់ដឹងការ ពិតកាន់តែខ្លាំងថា តើការលើកឡើងខាងលើ គឺជាការពិត ឬយ៉ាងណា?
ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្ត ក៏បានចេញមុខ ដោយផ្ទាល់ បកស្រាយតាមរយៈការផ្សាយផ្ទាល់ នៅលើគណនីហ្វេសប៊ុក របស់លោកថា លោកនឹងចាកចេញ ពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ ជាមួយផលិតកម្ម Galaxy Navatra នាចុងឆ្នាំ២០២១នេះ ពោលគឺក្រោយពេលបញ្ចប់កិច្ចសន្យា ជាមួយផលិតកម្មហង្សមាស ។
តាមរយៈវីដេអូផ្សាយផ្ទាល់ រយៈពេលជិត៣ម៉ោង តារាចម្រៀងលោក ខេមរ: សិរីមន្ត បាននិយាយយ៉ាងដូច្នេះថា “បច្ចុប្បន្ននេះខ្ញុំកំពុងនៅជាប់កិច្ចសន្យា ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយ ហើយពេលបញ្ចប់កិច្ចសន្យា ខ្ញុំនឹងចាកចេញពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ជាមួយផលិតកម្ម Galaxy Navatra នាចុងឆ្នាំ២០២១នេះ ។
តារាចម្រៀងប្រុស ដ៏ល្បីល្បាញ ខាងលើបានបញ្ជាក់ទៀតថា ទម្លាប់របស់លោក គឺលោកធ្វើការកន្លែងណា តែងតែបំពេញភារកិច្ច របស់ខ្លួនឱ្យបានល្អ នៅកន្ហែងនោះ តាមកិច្ចសន្យា ដែលបានព្រមព្រៀង ។ ជាក់ស្ដែងដូចកាលពីរូប លោកនៅក្នុង ផលិតកម្មយូធូ គឺទាល់តែផលិតកម្ម បិទទ្វាទើបលោកលាឈប់ ។ បន្ទាប់មកទៀតនៅផលិតកម្ម សាន់ដេ ក៏ដូចគ្នាដែរ ធ្វើការរហូតដល់ផុតកិច្ចសន្យា ទើបលោកឈប់ តាមកិច្ចសន្យា។ និយាយរួមពេលនៅក្នុងផលិតកម្មណា លោកត្រូវតែបំពេញកាត្វកិច្ច នៅក្នុងផលិតកម្មនោះឱ្យបានល្អបំផុត។
សូមបញ្ជាក់ឱ្យដឹងដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងដំបូងនៅផលិតកម្មហង្សមាស មានចំណងជើងថា “ស្ទឹងត្រែងបងអើយ” អំឡុងខែសីហា ឆ្នាំ ២០១៨ ។ កាលពីភ្លាមៗនោះ ព័ត៌មានលោក ខេមរៈ សិរីមន្ត ចាកចេញ ពីផលិតកម្មសាន់ដេ ហើយមកចូលក្នុង ផលិតកម្មហង្សមាស បានផ្ទុះកក្រើកយ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ៕
ដោយ៖ ម៉ានី