ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញ ក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នា ទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។
ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃ ទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យ របស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។
ពេលថ្មីៗនេះមានការផ្អើលថា គេបានរកឃើញថ្មមួយដុំមានរូបរាង ដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន ហើយមនុស្សម្នា ក្នុងប្រទេសថៃ ចង់ទៅទស្សនា និងបួងសួងគ្រប់ៗគ្នា។ មានការលើកឡើងផ្សេងៗគ្នា ពីប្រវត្តិថ្មពស់យក្ស ដែលទើបរកឃើញនេះ។
មនុស្សមួយចំនួនតំណាលថា ថ្មពស់យក្ស គឺជាសត្វពស់ ដែលត្រូវបណ្ដាសាតាឥសី។ ខ្លះថាមូលហេតុដែលពស់ ត្រូវបណ្ដាសានេះគឺដោយសារមានទំនាក់ទំនងស្នេហាជាមួយមនុស្ស ទើបត្រូវកើតទៅជាថ្ម។ ដោយឡែកអ្នកខ្លះគិតថាពស់ ពីដើមមានទំហំធំលុះក្រោយងាប់ទៅ ក៏កើតទៅជាថ្មដូចដែលយើងឃើញសព្វថ្ងៃ។
យ៉ាងណាក៏ដោយនេះគឺជាការអះអាង និងយល់ឃើញផ្សេងៗគ្នា អ្វីដែលសំខាន់នោះគឺថ្មពស់យក្ស បានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ ក្នុងប្រទេសថៃ សម្រាប់អ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេងរុករក ដើរកាត់ព្រៃភ្នំ និងបោះតង់ជាដើម៕ Source: Sabay