ភ្នំពេញ៖ អតីតតារាចម្រៀងស្រីគ្រាប់ពេជ្រនៅក្នុងផលិតកម្ម Bigman ស្រី ណយ រហូតមកទល់ពេលនេះ មិនមានដំណឹងណាមួយអំពីការវិលត្រឡប់ចូលក្នុងវិថីសិល្បៈចម្រៀងវិញ ឬយ៉ាងណាឡើយ ប៉ុន្តែយ៉ាងណាក៏ដោយសំឡេងដ៏ស្រទន់ និងរាងកាយតូចច្រឡឹងរបស់នាង នៅតែស្ថិតក្នុងអារម្មណ៍របស់អ្នកគាំទ្រជានិច្ច ។
កាលពីអំឡុង ៦-៧ ឆ្នាំមុន កញ្ញា ស្រី ណយ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនឱ្យអន្លង់អន្លោចជាទឹកដមសំនៀងរបស់នាង ព្រមជាមួយកាយវិការដ៏ក្រមិចក្រមើមគួរឱ្យស្រឡាញ់ ក្នុងនាមជាតារាចម្រៀងស្រីរបស់ផលិតកម្ម Bigman ។ ហើយបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងបំផុតនោះមានបទ «កុំស្មោះនៅមុខអូន» «មេអណ្ដើក» និងបទ «ចង់ធ្វើសង្សារគេឡើងញ័រខ្លួន» ជាដើម ។
យ៉ាងណាមិញ ក្រោយពីរំសាយផលិតកម្មខាងលើនេះ វត្តមានរបស់ ស្រី ណយ នៅលើឆាកតន្ត្រីក៏បានបញ្ចប់ទៅតាមដែរ ហើយពេលនេះគេដឹងថា នាងកំពុងសម្ងំរស់នៅប្រើជីវិតយ៉ាងឆឺតឆាយ នៅក្នុងអាជីពជាអ្នកលក់ផលិតផលសម្រស់តាមអនឡាយដែលទទួលបានការគាំទ្រខ្លាំងគួរសមម្នាក់។
ជាមួយគ្នានេះផងដែរ បើក្រឡេកទៅមើលសម្រស់របស់ស្រីតូចច្រឡឹងម្នាក់នេះ សង្កេតឃើញថា នាងនៅតែរក្សារាងឱ្យស្លីមស្អាតដដែល គ្រាន់តែការតុបតែងខ្លួនមានការខុសប្លែកពីមុន ពោលគឺពេលខ្លះសិចស៊ី និងស៊ីវិល័យខ្លាំងថែមទៀតផង ខណៈដែលកាលនៅជាតារាចម្រៀងនាង តែងខ្លួនតែបែបសុភាពៗប៉ុណ្ណោះ ។
គួរឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ស្រីណយ នៅមិនទាន់បង្ហើបពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នៅឡើយ ។ ប៉ុន្តែកាលពីជាង ៧ឆ្នាំមុន នាងធ្លាប់ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយកូនប្រុសថៅកែហាងម្នាក់នៅភ្នំពេញ ហើយក៏មិនដឹងថា ពេលនេះពួកគេនៅតែរក្សាទំនាក់ទំនងជាមួយគ្នា ឬអត់ ៕ ដោយ៖ ម៉ានី