ភ្នំពេញ៖ ក្រោយពីរៀបការរួច សង្កេតឃើញថាស្រីស្អាត វីរៈ និច្ច ទទួលបានការស្រឡាញ់ថ្នាក់ថ្នមទាំងចិត្ត ទាំងកាយពីប្ដីរបស់នាង ដែលជាម្ចាស់ភោជនីយដ្ឋានធំមួយនៅខេត្តព្រះសីហនុ ។ ហើយសុភមង្គលមួយនេះ ត្រូវបានតារាចម្រៀងស្រីម្ចាស់បទ «សង្សារម៉ាកអី» ខាងលើ តែងតែបង្ហាញជាញឹកញាប់នៅលើបណ្ដាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនច្រណែននឹងជីវិតដ៏សំណាងរបស់នាងទៀតផង ។
ជាមួយគ្នានេះដែរ បើក្រឡែកទៅមើលសម្រស់របស់ វីរៈ និច្ច វិញឃើញថា ក្រោយពីរៀបការរួច សម្រស់របស់នាងកាន់តែស្រស់ស្អាតទ្វេរដង ជាពិសេសសាច់កាន់តែសខ្ចីដូចសំឡី ។ ហើយអ្វីដែលចាប់អារម្មណ៍អារម្មណ៍ខ្លាំងនោះគឺការតុបតែងខ្លួនរបស់នាងកាន់តែហាយសូរ និងសិចស៊ី ទៀតផង ។
ជាការពិតណាស់ ការតុបតែងខ្លួន ក៏ដូចជាការស្លៀកពាក់របស់អ្នកនាង ចេង ស្រីនិច្ច ហៅវីរៈ និច្ច កាន់តែលេចធ្លោខ្លាំងឡើងជាមួយស្ទីលបង្ហាញសាច់សខ្ចីត្រង់តំបន់សំខាន់ៗដូចជារន្ធផ្ចិត សាច់ខ្នង និងដើមទ្រូង ជាដើម ផ្ទុយស្រឡះកាលពីនៅលឺវ នាងចូលចិត្តតែងខ្លួនបែបយុវវ័យ ហ៊ីបហប ខោវែងជើងធំ អាវយឺតរលុងៗ ស្ទើរតែរាល់ពេលឡើងឆាកម្ដងៗ ។
សូមបញ្ជាក់ផងដែរថា តារាចម្រៀងរូបស្រស់របស់ផលិតកម្មសាន់ដេ ចេង ស្រីនិច្ច ហៅវីរៈ និច្ច ដែលត្រូវជាក្មួយស្រីរបស់លោកខាន់ ជេមស៍ នោះបានលាភាពក្រមុំត្រឹមវ័យ២៣ឆ្នាំតាមរយៈការដឹកដៃលោកខៀវ ពេជ្រ វ័យ២៨ឆ្នាំ រៀបការនៅភោជនីយដ្ឋានមីងផាលេស កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១ ។ លោកខៀវ ពេជ្រ ត្រូវបានគេដឹងថា មិនត្រឹមតែមានរូបរាងសង្ហារប៉ុណ្ណោះទេ ថែមទាំងជាថៅកែភោជនីយដ្ឋានធំមួយកន្លែងនៅខេត្តព្រះសីហនុ ឈ្មោះថា Angkor Beach ទៀតផង ៕ ដោយ៖ ម៉ានី