លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានក្លាយជាប្រធានាធិបតីស្ត្រីស្ដីទីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលដែល លោក Joe Biden ជាប់ភារកិច្ចត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។
បើតាមប្រភពខាងលើនេះ ក្នុងកំឡុងពេលដែលលោក Joe Biden ទៅត្រួតពិនិត្យសុខភាពប្រចាំឆ្នាំរបស់លោកដើម្បីត្រៀមសម្រាប់ថ្ងៃខួបកំណើត ខួបទី៧៩ឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោកក៏បានសម្រេច ផ្ទេរអំណាច ជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ទៅឲ្យលោកស្រី Kamala ដើម្បីចាត់ចែងការងារជំនួសលោករយៈពេល ៨៥នាទី។
ការផ្ទេរអំណាចពីប្រធានាធិបតី ទៅអនុប្រធានាធិបតីជាបណ្ដោះអាសន្នបែបនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសនេះនោះទេ ដោយការផ្ទេរអំណាចបណ្ដោះអាសន្ននេះគឺស្ថិតក្រោមច្បាប់ធម្មនុញ្ញនៃសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិឡើងក្នុងពេលដែលប្រធានាធិបតីជាប់ភារកិច្ចអ្វីមួយ។
គួរបញ្ជាក់ផងដែរថា លោកស្រី Kamala Harris ក៏ជាស្ត្រីដំបូងផងដែរដែលទទួលបានតំណែងជាអនុប្រធានាធិបតីក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក បន្ទាប់ពីលោក Joe Biden ឈ្នះឆ្នោតធ្វើជាប្រធានាធិបតី កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០៕
ប្រភព៖http://sabay