ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន និងកសាងប្រជាប្រិយភាពខ្លាំងមិនធម្មតា ក្រោយពីបានក្លាយជាអ្នកតំណាងឱ្យកម្ពុជា ក្នុងការប្រកួត បវរកញ្ញាអន្តរទ្វីបប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប។

តាមពិតទៅគឺជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អតីតជាកញ្ញាឯករងទី១ នៃបវរកញ្ញាកម្ពុជា ឆ្នាំ២០២០ ហើយនាងក៏បានប្រឡូកខ្លួនជាមួយការងារជាតារាម៉ូដែល និងធ្លាប់បានសម្តែងភាពយន្តភាគ ភាពយន្តខ្លី និងភាពយន្តអប់រំមួយចំនួនដូចជារឿង «ប្តីគេ» និងរឿង «ខ្មោចខ្លឹមត្រាច» ជាដើម ។

ចាប់តាំងពីបង្ហាញខ្លួនក្នុងនាមជាអ្នកសិល្បៈរួចមក ស្រីស្រស់វ័យ ២៤ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តព្រះសីហនុ ខាងលើនេះ បានធ្វើឱ្យមហាជនស្ញើចសរសើរយ៉ាងខ្លាំងទៅលើសម្រស់ដ៏ផូវផង់ រាងកាយស្រឡូន សមឥតខ្ចោះជាមួយកម្ពស់ ១,៧៧ ម៉ែត្រ របស់នាង ។


ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ទស្សនិកជនក៏បានបង្ហាញចំណាប់អារម្មណ៍ និងស្ញើចសរសើរទៅលើរូបថតប៉ុន្មានសន្លឹករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបង្ហោះនៅលើកម្មវិធីបណ្ដាញសង្គម ដោយម្នាក់ៗបានលាន់មាត់ថា សម្រស់របស់នាងស្អាតខ្លាំង សមជាឈ្មោះបវរកញ្ញាប្រាកដមែន ។

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅតែពីំមានសម្រស់ស្អាតដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាងគឺជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ ហើយក៏បានហក់ចូលក្នុងសិល្បៈតាមរយៈការប្រឡង បវរកញ្ញាកម្ពុជា ឆ្នាំ២០២០ ។ ត្បិតតែមិនបានក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រឡង បវរកញ្ញាកម្ពុជា ឆ្នាំ២០២០ ពិតមែន ប៉ុន្តែនាងត្រូវបានគេមើលឃើញពីទេពកោសល្យ និងសម្រស់ រហូតផ្ដល់ឱកាសជាបរវកញ្ញាតំណាងឱ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី បវរកញ្ញាអន្តរទ្វីបប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប ៕ ដោយ៖ ម៉ានី




