ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចីនាង ឃីន ស្រីនាថ ហៅអ៊ីវ៉ា មួយរយៈក្រោយនេះ សង្កេតឃើញថា នាងកំពុងមមារញឹកខ្លាំងជាមួយការងារលក់សម្លៀកបំពាក់ ជាងការងារសិល្បៈ ។ ហើយបើទោះជាហត់នឿយ យ៉ាងណាក៏ដោយ ក៏អ៊ីវ៉ា នៅតែអាចរក្សាសម្រស់ឱ្យនៅតែស្អាត និងគួរឱ្យទាក់ទាញខ្លាំងជាងមុនទៅទៀត ។

ជាការពិតណាស់ កញ្ញា អ៊ឺវ៉ា ត្រូវបានទស្សនិកជន អ្នកគាំទ្រទទួលស្គាល់ថា ជាតារាចម្រៀងស្រីដ៏ស្រស់ស្អាត មិនចាញ់តារាសម្ដែង និងតារាម៉ូឌែលប៉ុន្មានឡើយ ។ ហើយនាងក៏មានចរឹតលក្ខណៈស្រគត់ស្រគុំ រួសរាយ រាក់ទាក់ផងដែរ ។ ជានិច្ចកាលម្ចាស់បទ «ទឹកអប់មានពិស» រូបនេះ តែងតែបង្ហាញពីស្នាមញញឹមដ៏គួរឱស្រឡាញ់របស់នាង ទៅកាន់អ្នកគាំទ្រ និងតារាសិល្បៈ ហើយក៏មិនភ្លេចដែរ នូវកាយវិការឱនលំទោន សម្ដីទន់ភ្លន់ទៅលើអ្នកសិល្បៈរៀមច្បង ។ ដូច្នេះហើយទើបនាងតែងតែទទួលបាន ការសរសើរជារឿយៗ ពីសំណាក់មនុស្សជុំវិញខ្លួន ។
បើទោះជាបច្ចុប្បន្ននេះ សម្រស់តារាចម្រៀង អ៊ីវ៉ា កាន់តែស្អាតទ្វេរដង ក៏ពិតមែន ប៉ុន្តែអាយុរបស់នាង ក៏កាន់តែជ្រេបន្តិច ពោលគឺនាងមានអាយុ ២៨ឆ្នាំហើយ ដែលជាហេតុនាំឱ្យលោក អ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ ដែលជាឪពុកចង់បានកូនប្រសារឆាប់ៗ ។

នៅលើឆាកទូរទស្សន៍មួយ អ៊ីវ៉ា បាននិយាយថា ដោយសារតែហត់នឿយ ជូនកូនស្រីទៅមក ដាក់តាមឆាកប្រគុំតន្ត្រីអស់រយៈពេលជាង ១០ឆ្នាំ ហើយស្របពេលដែលនាងមានអាយុច្រើនផងនោះ លោក អ៊ូ វ៉ាវ ជាឪពុកមានគំនិតចង់ឱ្យនាងមានគូស្រករឆាប់ៗ នឹងអាលបានជំនួសដៃជើង និងការពារសុវត្ថិភាពរបស់នាង ។ យ៉ាងណាក៏ដោយ សម្រាប់ អ៊ីវ៉ា ផ្ទាល់មានផែនការណ៍ក្នុងជីវិត រួចជាស្រេចទៅហើយថា ទាល់តែគម្រប់អាយុ៣០ឆ្នាំ ពោលគឺ២ឆ្នាំទៀត ឬនៅឆ្នាំ២០២៣ខាងមុខនេះទើបនាងគិតគូរឿងរៀបការ ។

គួរឱ្យដឹងផងដែរថា កញ្ញា អ៊ីវ៉ា ធ្លាប់ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហា ជាមួយថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប តែចំណងស្នេហាមួយនេះ បានចែកផ្លូវគ្នានៅឆ្នាំ២០១៣ ៕ ដោយ៖ ម៉ានី




