សិល្បៈ និង កម្សាន្ត

អ៊ីវ៉ា ស្ងាត់ចេញបទចម្រៀងថ្មី ព្រោះរវល់លក់បុកល្ហុង

ភ្នំពេញ៖ តារាចម្រៀង អ៊ីវ៉ា ក្នុងមួយរយៈពេលធំចុងក្រោយនេះ ហាក់ដូចជាមិនមានបទចម្រៀងចេញថ្មី និងទទួលបានការចាប់អារម្មណ៍ឡើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះឃើញថា តារាចម្រៀងស្រីរូបស្រស់ក្នុងផលិតកម្មសាន់ដេ រូបនេះ កំពុងញាប់ដៃជើងជាមួយរបរកស៊ីផ្ទាល់ខ្លួនទៅវិញ ។

គួរឱ្យដឹងដែរថា ក្រៅតែមានអាជីពជាតារាចម្រៀងហើយនោះ កញ្ញា អ៊ីវ៉ា ក៏មានជំនួញផ្ទាល់ខ្លួនដែរ គឺហាងលក់សម្លៀកបំពាក់ ហើយថ្មីៗនេះនាងក៏កំពុងដំណើរការលក់ចំណីអាហារ ដូចជាប្រភេទបុកល្ហុង ញាំ ភ្លា តាមអនឡាញផងដែរ ។

យ៉ាងណាក៏ដោយ សម្រាប់មុខរបរថ្មីនេះ តារាចម្រៀង អ៊ីវ៉ា មិនមែនមានត្រឹមតែលក់លើ អនឡាញ ប៉ុណ្ណោះទេ ពោលគឺនាងនឹងបើកសម្ពោធហាងដ៏ធំនាពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ហាងកំពុងតែដំណើរការសាងសង់បានប្រហែល ៩០ភាគរយ ហើយ ។

សូមបញ្ជាក់ថា រយៈពេលយូរខែណាស់មកហើយ ដែលម្ចាស់បទ “ទឹកអប់មានពិស” ខាងលើ ហាក់ដូចជាស្ងប់ស្ងាត់ចេញបទចម្រៀងថ្មីៗ បើធៀបទៅតារាចម្រៀងផ្សេងៗនៅក្នុងផលិតកម្មសាន់ដេ ។

ទន្ទឹមនឹងការស្ងប់ស្ងាត់នេះ នាងបានផ្ដោតទៅលើរបររកស៊ីផ្ទាល់ខ្លួន ដូចជាឡាយលក់សម្លៀកបំពាក់ និងបុកល្ហុងជាដើម ដូច្នេះហើយទើបកាលពីពេលថ្មីៗនេះ ធ្លាប់មានពាក្យពីមនុស្សមួយចំនួនតូចនិយាយទៅកាន់នាងថា “តារាចម្រៀងធ្លាក់ខ្លួនលក់បុកល្ហុង” ដោយពាក្យនេះដែរ ក៏ធ្វើឱ្យមានប្រតិកម្មពីកញ្ញា អ៊ីវ៉ា ហើយនាងក៏បានតបតទៅវិញភ្លាមៗផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top