ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលតារាចម្រៀង ខេម នៅតែព្យាយាមលាក់បាំងពីអត្តសញ្ញាណអនាគតភរិយារបស់ខ្លួន មិនឱ្យមហាជន ស្គាល់មុខឡើយ ប៉ុន្តែតាមពិតនៅពីក្រោយការលាក់បាំងនេះ តារាចម្រៀងប្រុសគ្រាប់ពេជ្រនៅក្នុងផលិតកម្ម ឡាក់ស៊ីណាវ៉ាត្រា រូបនេះ តែងតែទៅណាមកណាជាមួយគូដណ្ដឹងដែលគេស្គាល់ថាជានារីខ្មែរ-បារាំង ។



ជាក់ស្ដែងនៅក្នុងពិធីមង្គលការរបស់ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ក្រៅពីវត្តមានរបស់កំពូលតារាចម្រៀងល្បីៗ ដូចជាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ហើយនោះ លោក ខេម ក៏ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ជាមួយនឹងវត្តមានដឹកដៃគ្នាត្រសងជាមួយគូដណ្ដឹងរបស់លោក ។

នៅក្នុងពិធីនោះ គេឃើញម្ចាស់បទ «ទឹកភ្នែកក្មេងពាល» និងគូដណ្ដឹង បានបង្ហាញសកម្មភាពផ្អែមល្ហែម សប្បាយរីករាយ ពុំមានខ្មាសអៀន និងលាក់បាំងដូចនៅលើបណ្ដាញសង្គមឡើយ ។ ដូច្នេះហើយទើបឱ្យមហាជនមើលស្គាល់ថា ស្រីស្រស់ម្នាក់ដែលមានមុខមាត់ដូចកូនកាត់បរទេសនោះ គឺជាអនាគតភរិយារបស់លោក ខេម មួយរយភាគរយ ។


សូមបញ្ជាក់ថា ប្រហែលជាង ៣ ទៅ៤ ឆ្នាំមកហើយ ដែលមានព័ត៌មានថា លោក ខេម មានទំនាក់ទំនងស្នេហាជាមួយនារីស្រស់ស្អាតម្នាក់ និងតែងតែទៅណាមកណាជាមួយគ្នា ។ ហើយមួយរយៈខ្លីចុងក្រោយនេះ ស្រាប់តែមានព័ត៌មានថា ចំណងស្នេហ៍របស់ ខេម និងនារីអាថ៌កំបាំងម្នាក់នោះបានបញ្ចប់ឈ្មោះជាសង្សារ ក្លាយទៅជាគូដណ្ដឹង ។ ចាំបានថា កាលពីប្រមាណជាង ៣ខែមុន លោក ខេម និង គូស្នេហ៍បាននាំគ្នាទៅកាន់ប្រទេសបារាំងដើម្បីបំពេញការងារផ្ទាល់ខ្លួន ក៏ដូចជានាំគូស្នេហ៍ទៅលេងឪពុក ម្ដាយ សាច់ញាតិ របស់នាងផងដែរ ៕
ដោយ៖ ម៉ានី
