សិល្បៈ និង កម្សាន្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសលើកទី២ដល់ ប៊ុត សីហា ជ្រកទ្រនំ កាឡាក់ស៊ី ប៉ុន្តែត្រូវគោរព តាមលក្ខខណ្ឌក្រុមហ៊ុន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះ សារដ៏ភ្ញាក់ផ្អើលធ្វើឡើង ក្រោយពីមានសំណូមពរ ពីលោក ម៉ិច សីហា ប្រកាសចង់ផ្តល់ឱកាសលើកទី២ដល់ លោក ប៊ុត សីហា ជ្រកទ្រនំផលិតកម្មកាឡាក់ស៊ី បើសិនជាមហាជន គាំទ្រចង់ឱ្យលោកផ្តល់ឱកាស ដល់តារាចម្រៀងរូបនេះដែ ប៉ុន្តែ ប៊ុត សីហា ក៏ត្រូវគោរព តាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ដូចគ្នា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំសុំកោតសរសើរ នូវសន្ដានចិត្តលោកគ្រូ ដែលមានបំណង ចង់ជួយជ្រោមជ្រែង មនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី ។ សម្រាប់ខ្ញុំមិនថា មនុស្សអ្វីទេ កន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រង បានទាក់ទងមនុស្សពីរនាក់គឺ តន់ ចាន់សីម៉ា និង ប៊ុត សីហា ហើយណាត់ជួបគាត់ ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរព ពេលវេលាមកជួប ហើយក្រុមហ៊ុនក៏សម្រេច មិនចរចាជជែកគ្នាទៀត តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់?»

អ្នកឧកញ៉ា បន្តថា « ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាត កុំឱ្យលើស ខ្សែបន្ទាត់ខ្សែក្រហម ត្រូវតែគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏ សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។ ព្រោះអ្នកជោគជ័យនីមួយៗ មិនមែនមានត្រឹមតែ អ្វីដែលជាពីកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន»។

សូមរម្លឹកថា លោក ប៊ុត សីហា បានប្រកាសវិលត្រលប់មកកាន់ សិល្បៈ សាជាថ្មីម្តងទៀត នាពេលថ្មីៗម្តងទៀត បន្ទាប់ពីមានរឿងអាស្រូវខ្មៅ កង្វក់នៅក្នុងជីវិត ថែមទាំងប្រកាសទៀតថា លោកវិលវិញលើកនេះ មិនចាំបាច់ពឹងលើទ្រនំ ផលិតកម្មណាឡើយ៕

ដោយ៖ ម៉ានី

Most Popular

To Top