ភ្នំពេញ៖ តារាសម្ដែង និងម៉ូឌែល សុវណ្ណ រ៉ាផា ក្រោយពីភ្ជាប់ពាក្យ ជាមួយលោក ឈុន សុវណ្ណភក្តី កាលពីដើមឆ្នាំ២០១៩ រួចមក សង្កេតឃើញថា នាងហាក់ដូចជាលែងនឹកនា ការងារសិល្បៈ និងកាន់តែធ្វើឱ្យទស្សនិកជន ភ្លេចមុខពីមួយថ្ងៃៗ ។ ហើយតាំងពីពេលនាង សម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រួចមកទៀតនោះ សូម្បីតែរូបថត ក៏នាងស្ទើតែលែងបង្ហោះឱ្យអ្នកគាំទ្រ បានដឹងពីសុខទុក្ខដែរ ។

យ៉ាងណាមិញ ទើបតែមួយរយៈខ្លីចុងក្រោយនេះ ពោលគឺកូនប្រុសរបស់ សុវណ្ណ រ៉ាផា មានអាយុមួយខួប ទើបឃើញនាងឧស្សាហ៍បង្ហោះរូបថត លើបណ្ដាញសង្គមឡើងវិញ ប៉ុន្តែសម្រាប់ការវិលត្រឡប់ មករកអាជីពសិល្បៈវិញ នាងនៅមិនទាន់បាន បង្ហាញដំរុយនៅឡើយទេ ។
ជាមួយគ្នានេះដែរ អ្វីដែល សុវណ្ណ រ៉ាផា ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ ចាប់អារម្មណ៍នោះ គឺទៅលើរូបរាង និងសម្រស់របស់នាង ដោយឃើញថា ត្បិតតែនាងមានកូនមួយ អាយុមួយខួបហើយក្ដី ក៏នាងនៅតែអាចរក្សាបាន រាងដ៏ស្រឡូនដដែល ហាក់ពុំមានភាពប្រែប្រួល ពីពេលនៅលាវឡើយ ។

គួរឱ្យដឹងថាអ្នកនាង សុវណ្ណ រ៉ាផា ជាក្មួយស្រី បង្កើតរបសលោក សាវីន ហ្វ៊ីលីព និងជាតារាសម្ដែង និងម៉ូឌែលមួយរូបធ្លាប់ទទួលបាន ប្រជាប្រិយភាពខ្ពស់នាកំលុងឆ្នាំ ២០១៦ និង ២០១៨ ។ ស្រីស្រស់រាងតូចច្រឡឹងរូបនេះ ធ្លាប់បានឱកាសសម្ដែង ជាតួអង្គឯក និងតួសំខាន់ជាច្រើនរឿង ដូចជារឿង “ទង់ព្រលឹង” ភាពយន្តខ្នាតធំ “Jailbreak” ។ល។ នៅដើមឆ្នាំ ២០១៩ សុវណ្ណ រ៉ាផា បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយលោក ឈុន សុវណ្ណភក្តី ដែលកាលនោះលោកជាម្ចាស់ ផលិតកម្មមួយឈ្មោះថា BKS តែផលិតកម្មមួយនេះ បានបិទទ្វារទៅវិញ ដោយសារមិនរីកចម្រើនបន្តិចសោះ៕ ដោយ៖ ម៉ានី






