អស់រយៈពេលជាយូរហើយដែល BLACKPINK ស្ងាត់ចេញបទចម្រៀងជាក្រុម ដែលប្រការនេះពិតជាធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹងថា តើពេលណាទៅដែល YG គិតគូរចេញបទចម្រៀង ឲ្យតារារបស់ខ្លួនជាថ្មីម្ដងទៀត?
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ Hahstag “#BLACKPINKCOMEBACKNOW” និង “#STOPDELAYINGBLACKPINK” ត្រូវបានបង្ហោះព្រាតពេញ Twitter ដោយសារ BLINKs នៅជុំវិញពិភពលោកទាមទារ ឲ្យក្រុមចេញបទថ្មី។
នៅចាំបានថា BLACKPINK បានចេញអាល់ប៊ុមធំ កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់មកពួកគេក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយរួមគ្នា មានឈ្មោះថា “The Show” កាលពីខែមករា ឆ្នាំ២០២១។

ទោះជាយ៉ាងណា នៅឆ្នាំ ២០២១ សមាជិកម្នាក់ៗមានការងាររវល់ ដោយផ្ដោតលើសកម្មភាពទោលរៀងៗខ្លួន។ តួយ៉ាងដូច Jennie បានបើកដំណើរការ YouTube Channel ផ្លូវការ ឯ Rosé និង Lisa ត្រូវបង្ហាញមុខជាតារាទោល តាមរយៈអាល់ប៊ុមទោលម្នាក់មួយ និងចុងក្រោយ Jisoo ចាប់អាជីពផ្លូវការជាតារាសម្ដែង តាមរយៈរឿង «Snowdrop»។

ដូច្នេះសរុបមកវាមានរយៈពេល ជិត ១ឆ្នាំជាងហើយ ដែលអ្នកគាំទ្រខានឃើញការ Comeback របស់ក្រុមទាំងមូល ហើយពួកគេខ្លះក៏អន់ចិត្ត ក្នុងការចំណាយពេលរង់ចាំដែរ។ ដោយសារបែបនេះហើយ ទើបមតិខ្លះលើកឡើងបែបឌឺថា វាប្រៀបដូចជាក្រុម ត្រូវសម្រាកផ្អាកខ្លួនមួយរយៈពីសិល្បៈ ហើយប្រៀបដូច សមាជិកក្រុមចាំគ្នាចេញពីទាហាន ព្រោះរយៈពេលដែលអវត្តមាន ចេញបទរួមគ្នា គឺស្មើនឹងរយៈពេលនៃការចូលបម្រើទាហានដែរ។

ទាក់ទងនឹងបញ្ហានេះ YG ត្រូវរង់ការរិះគន់មិនធម្មតា ដោយសារតាមទម្លាប់ក្រុមហ៊ុន ត្រូវមានបទចម្រៀងឲ្យតារាៗ ចេញរួមគ្នារៀងរាល់ឆ្នាំ តែបែរជាស្ងាត់។ ឈានចូលដល់ឆ្នាំ ២០២២ YG នៅតែស្ងាត់ និងមិនទាន់ចេញសេចក្ដីប្រកាសណាមួយ ពីគម្រោងថ្មីប្រចាំឆ្នាំទៀត ជាហេតុអ្នកគាំទ្រអស់សង្ឃឹមកាន់តែខ្លាំង៕ Source: Sabay

