យុវជនម្នាក់ ចំណាយពេលប្រមាណ ៥ឆ្នាំ ថតរូប Selfie ខ្លួនឯង អង្គុយមុខកុំព្យូទ័រជាប្រចាំ បង្ហោះចូលទៅកាន់ សហគមន៍ទិញលក់ទ្រព្យកម្មសិទ្ទិឌីជីថល NFT មានឈ្មោះថា OpenSea រកចំណូលបានជិត ១លានដុល្លារ ឬស្មើនឹងលុយគ្រីបតូ Ethereum ចំនួន ២៩៣កាក់។
យុវជនរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Ghozali_Ghozalu អាយុ ២២ឆ្នាំ មកពីប្រទេសឥណ្ឌូនេស៊ី។ គាត់តែងបង្ហោះរូប Selfie ខ្លួនឯងជាប្រចាំ សរុបទៅមានរូបប្រមាណ ៩៣៣សន្លឹក ដោយដាក់លក់ក្នុងមួយរូប តម្លៃប្រមាណ ៣ដុល្លារ លើទីផ្សារ OpenSea។
ហេតុអ្វីទើបរូប Selfie ធម្មតាបែរជាមានតម្លៃ មនុស្សចង់បានច្រើនទៅវិញ?
សូម្បីសមីខ្លួនផ្ទាល់ ក៏គាន់មិនដឹងថា ហេតុអ្វីមនុស្សសម្រុក ទៅទិញរូបរបស់គាត់ដែរ។ ប៉ុន្ដែ បើយោងទៅតាម របាយការណ៍មួយចំនួន បញ្ជាក់ថា រូប NFT របស់ Ghozali ត្រូវបានផ្សព្វផ្សាយដោយ តារាល្បីរបស់ឥណ្ឌូនេស៊ី និងសហគ្រិនមួយចំនួនផងដែរ។ ហើយហេតុផល គឺដើម្បីឱ្យយុវជនរូបនេះ អាចរកចំណូលបានបន្ថែមទៀត។
យ៉ាងណា Ghozali_Ghozalu បានបញ្ជាក់ថា ការបង្ហោះរូបថត Selfie របស់គេជាច្រើនសន្លឹក គឺដើម្បីបង្កើតជាវីដេអូ ដូចខាងក្រោមប៉ុណ្ណោះ។
គួរបញ្ជាក់ថា NFT ជាកម្មសិទ្ធិឌីជីថល ដែលទ្រទ្រង់ដោយ បច្ចេកវិទ្យា Blockchain។ NFT មានទម្រង់ជា ស្នាដៃសិល្បៈ រូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ឬជា Virtual Fashion សម្រាប់ពាក់លើ Avatar ជាតួអង្គមនុស្សនិម្មិតជាដើម៕ Source: Sabay