ភ្នំពេញ៖ បើគិតមកទល់ពេលនេះ មានរយៈពេលជាងកន្លះឆ្នាំ ហើយ ដែលតារាកំប្លែង ល្បីឈ្មោះ នាយ ពាក់មី បានចាប់ផ្ដើម សាងសង់ផ្ទះឈើស្កឹមស្កៃជូនឪពុកម្ដាយក្មេក ដែលផ្ទះនេះមានទីតាំងស្ថិតនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
បើយោងតាមការសម្ភាសន៍ជាមួយ Lookingtoday កាលពីទើបតែចាប់ផ្ដើមបុកគ្រឹះសាងសង់ នាយពាក់មី បានប្រាប់ថា ផ្ទះនេះលោកបានត្រៀមថវិការខ្ទង់ក្រោម ១០ម៉ឺនដុល្លារ សម្រាប់សាងសង់ ដោយយករចនាបទស្រដៀងផ្ទះឪពុកម្ដាយបង្កើតលោកនៅស្វាយរៀងដែរ ហើយមានលោកគឺជាមេជាងផ្ទាល់តែម្ដង ។
យ៉ាងណាម៉ិញ ក្រោយពីបានចំណាយពេលសាងសង់អស់រយៈពេលជាងកន្លះឆ្នាំមកនេះ មុននេះបន្តិចនាយ ពាក់មី ក៏បានបង្ហាញពីគ្រោងផ្ទះដែលសម្រេចបានស្ទើរតែ ៨០ ទៅ ៩០ ភាគរយហើយ ដែលមើលទៅផ្ទះនោះពិតជាស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ប្រៀបបានដូចជាភូមិគ្រឺះយ៉ាងដូច្នេះដែរ ។
សម្រាប់ការសាងសង់ផ្ទះថ្មីជូនឪពុកម្ដាយក្មេកនេះផងដែរ នាយពាក់ធ្លាប់ប្រាប់ថា លោកមានគម្រោងសាងសង់ជូនពួកគាត់យូរឆ្នាំណាស់មកហើយ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំ មានថវិកាគ្រប់សិន ឥលូវនេះ ទើបមានឱកាស ។
នាយពាក់មី ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា ជាតារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេស ប៉ុន្តែតែងតែធ្វើខ្លួន បែបសមញ្ញៗ មិនភ្លេចដើមកំណើត ដែលធ្លាប់ក្រលំបាកឡើយ ។ ហើយអ្វីដែលជាចំណុចល្អបំផុតនោះ គឺលោកតែងតែជួយជ្រោមជ្រែង ឪពុកម្ដាយ បងប្អូន ទាំងសាច់ថ្លៃ និងបង្កើត ធ្វើយ៉ាងណាឱ្យមានជីវភាពល្អប្រសើរស្មើៗគ្នា ។ តួយ៉ាងកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានសង់ផ្ទះ ជូនឪពុកម្ដាយបង្កើត របស់លោក នៅខេត្តស្វាយរៀង ដែលចំណាយថវិកាអស់ប្រមាណជា ១៤ម៉ឺនដល្លារ ម្ដងរួចទៅហើយ ។
បច្ចុប្បន្ននេះក្រោយពីស្ងប់ស្ងាត់ពីវិបត្តិជំងឺកូវីដ១៩ នាយ ពាក់មី កំពុងមរមាញឹកខ្លាំងទៅលើការងារសិល្បៈរបស់លោក បន្ថែមពីនាយក៏កំពុងជោគជ័យខ្លាំងទៅលើមុខជំនួញផ្ទាល់ខ្លួនដូចជាលក់ផលិតផលសុខភាព និងសាងសង់បុរី ផងដែរ ៕ ដោយ៖ ម៉ានី