កូរ៉េ៖ វាត្រូវបានគេរាយការណ៍ថា តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ លោក Lee Seung Gi បានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ធ្វើឲ្យលោកបានលុបចោល កាលវិភាគរបស់លោក ទាំងអស់ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
យោងតាមរបាយការណ៍ថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ Lee Seung Gi បានធ្វើតេស្តិ៍វិជ្ជមាន មេរោគCOVID-19 ហើយបានលុបចោល កាលវិភាគរបស់លោកទាំងអស់ រួមទាំងការថតរឿង ‘All The Butlers’ និង ‘Sing Again’ ។លោក Lee Seung Gi បានទទួលវ៉ាក់សាំង COVID-19 លើកទី៣រួចហើយ ។ បច្ចុប្បន្នលោកកំពុងស្ថិត នៅដាច់ដោយឡែកពីគេ ហើយនឹងមិនបានចូល រួមថតកម្មវិធីណាមួយ ដែលលោកកំពុងបង្ហាញខ្លួន នៅពេលនេះឡើយ ។
ក្នុងករណីជាមួយ ‘All The Butlers’ Yang Se Young ជាពិធីករក្នុងកម្មវិធីនោះបានធ្វើតេស្ដវិជ្ជមាន សម្រាប់កូវីដ-១៩។ បច្ចុប្បន្ននេះ វិស័យផ្សព្វផ្សាយកំពុង មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមានតារាល្បីៗ និងបុគ្គលិកជាច្រើននាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19៕ដោយ៖លី ភីលីព