សិល្បៈ និង កម្សាន្ត

រឿងចាស់ទើបតែស្ងាត់ ឥលូវចូលរឿងថ្មីមួយទៀត! អ្នកនាង សូ ដានីតា ប្រកាសរកមុខអ្នកលេងតុងទីន ដេញយកលុយរត់បាត់ ជិត ៦០ ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនីឆ្នើម អ្នកនាង សូ ដានីតា នៅតែមានបញ្ហារឿងគេឆបោកលុយកាក់មិនចេះចប់មិនចេះហើយ បើទោះជាមួយរយៈនេះ នាងស្ងាត់មិនរំឮករឿង តារាសម្ដែង សឿ សុធារ៉ា ជំពាក់លុយជិត ៤ម៉ឺនដុល្លារ មិនទាន់សងយ៉ាងណាក៏ដោយ ស្រាប់តែថ្មីៗនេះ នាងបានធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាថ្មី តាមរយៈសារនៅលើគណនីហ្វេសប៊ុក ដែលនាងបានប្រកាសរកបុគ្គលដែលលេងតុងទីនជាមួយគ្នា ដេញយកលុយរួចបែរជារត់បាត់មិនសង។

តាមការបង្ហោះរបស់តារាសម្ដែង សូ ដានីតា បានឱ្យដឹងថា សរុបទឹកប្រាក់ទាំងការ ទាំងដើមមានរហូតដល់ទៅជិត ៦០ ម៉ឺនដុល្លារឯណោះ។

សូ ដានីតា បានរៀបរាប់ថា «ខ្ញុំសូមប្រកាសរកមនុស្សម្នាក់នេះ ជាលើកទី ២ ចូលខ្លួនដោះស្រាយ រឿងលេងតុងទីន ដេញយកលុយទៅ មិនសង រត់បាត់។ សរុបទឹកប្រាក់ (ការ+ដើម ជិត ៦០ ម៉ឺន$$$) បញ្ជាក់ នៅសល់កូនបោក ចំនួន ១៣ នាក់ទៀត និង កូនតុងទីន ចរចាខ្យល់មិនសងទៀត បើបងប្អូនណា បានស្គាល់ជួយប្រាប់មកនាងខ្ញុំផង សូមអរគុណ!» ។

ដូចដែលមហាជនបានជ្រាបរួចមកហើយថា ពិធីការិនី សូ ដានីតា កាលពីប្រមាណជាង ៣ខែមុន ធ្លាប់បានប្រាប់ថា អ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួនចំនួនជិត ៤ម៉ឺនដុល្លារ ហើយព្យាយាមគេចមិនវេសមិនដោះស្រាយ បើទោះជាអ្នកនាង សូ ដានីតា ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ឬឆាត ក៏តួឯកស្រីក្នុងរឿង «ព្រះគោព្រះកែវ» មិនឆ្លើយតបដែរ ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាង សូ ដានីតា នៅលើគណនីហ្វេសប៊ុករបស់នាង ។

យ៉ាងណាមិញ សម្រាប់ករណីថ្មីមួយទៀត ដែល តារាសម្ដែង សូ ដានីតា ទើបតែបានទម្លាយថា អ្នកលេងតុងទីន ដេញយកលុយទៅ មិនសង រត់បាត់ សរុបទឹកប្រាក់ទាំងដើម ទាំងការ ជិត ៦០ម៉ឺនដុល្លារនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ។ ព្រោះនេះមិនមែនជាលើកទីមួយឡើយសម្រាប់ អ្នកនាង សូ ដានីតា ដែលជួបតែរឿងមិនល្អជុំវិញហិរញ្ញវត្ថុរបស់នាង ៕

ដោយ៖ ម៉ានី

Most Popular

To Top