កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Na-Eun សមាជិកក្រុម A Pink បានចែករម្លែកនូវអារម្មណ៍ ដោយផ្ទាល់របស់នាងចំពោះការមិនអាចចូលរួមក្នុងការផ្សព្វផ្សាយត្រឡប់មកវិញរបស់ក្រុមខ្លួនជូនអ្នកគាំទ្រលើបណ្តាញសង្គម។
នាង Na-Eun បានចែករម្លែកនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងថា តើអ្នករីករាយនឹងការស្តាប់អាល់ប៊ុមពិសេសគម្រប់ខួប ១0 ឆ្នាំ ‘HORN’ ដែលយើងបានរៀបចំ អស់រយៈពេលជាយូរដែរឬទេ? ខ្ញុំសោកស្ដាយ ប៉ុន្តែសូមបង្ហាញការស្រលាញ់ច្រើនចំពោះអាល់ប៊ុម ដែលពួកយើង បានខិតខំប្រឹងប្រែងសម្រាប់ការរៀបចំ ហើយសូមបង្ហាញការគាំទ្រច្រើនសម្រាប់សមាជិក (សូមបង្ហាញការគាំទ្រ សម្រាប់ការសម្តែង M Countdown ថ្ងៃនេះផងដែរ)។
A Pink បានចេញអាល់ប៊ុមពិសេសរបស់ពួកគេ ‘HORN’ នៅថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីអបអរខួបដប់ឆ្នាំរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ Na-Eun បានបង្ហើបថា នាងនឹងមិនអាចចូលរួមក្នុងការវិលត្រឡប់មកវិញនេះបានទេ ធ្វើឲ្យអ្នកគាំទ្ររិះគន់ idol ចំពោះការមិនចូលរួមជាមួយសមាជិកនៃការត្រឡប់មកវិញដ៏ពិសេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកវាត្រូវបានគេបង្ហាញថា មានការប៉ះទង្គិចនៅក្នុងកាលវិភាគរបស់ Na-Eun ខណៈការចេញអាល់ប៊ុមនេះត្រូវបានពន្យារពេលប្រហែលមួយឆ្នាំ។
ទន្ទឹមនឹងនេះ A Pink បានបង្ហាញដោយជោគជ័យនូវការសម្តែងរបស់ពួកគេនូវបទចម្រៀងចំណងជើង “Dilemma” នៅលើ ‘M Countdown’ របស់ Mnet កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយ Na-Eun កំពុងបង្ហាញមុខក្នុងរឿងភាគ tvN ‘Ghost Doctor’ ៕