ភ្នំពេញ៖ កញ្ញា នាង ហ្គួស៊ី ត្បិតតែជាតារាសម្តែងពន្លកថ្មីម្នាក់ ប៉ុន្តែបច្ចុប្បន្ននាងកំពុងក្តោបក្តាប់ ការងារ សិល្បៈច្រើនគួរសម ធ្វើទីផ្សារសិល្បៈ របស់នាងឡើង ជាហូរហែរឥតដាច់ឡើយ ។ ជាងនេះទៅទៀត ដោយសារតែសម្រស់ ស្រស់ស្អាត ជាមួយនឹងរាងកាយ ដ៏ស្រឡូនអំណោយផល ពីធម្មជាតិនោះ ទើបនាងកំពុងទទួល បានប្រជាប្រិយភាពខ្លាំង នៅលើបណ្ដាញ សង្គមទាំងហ្វេសប៊ុក និង Instagram ។

ជាការពិតណាស់ ព្រោះតែរូបឆោមឡោម ពណ៌ស្រស់សោភា និងទេពកោសល្យសិល្បៈតាំងពីក្មេងផងនោះ ទើបកញ្ញា នាង ហ្គួស៊ី ទទួលបានការងារច្រើន ហូរហែរដូចជា ថតរឿង ថត MV ថតស៉្បត និង Model ផ្សាយពាណិជ្ជកម្មឱ្យផលិតផលផ្សេងៗ ផងដែរ ។ តួយ៉ាង ក្នុងឆ្នាំ២០២២ នាងក៏នឹងមានវត្តមាន ក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិនផងដែរ ក្រោមស្នាដៃ ដឹកនាំរបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា ហើយតាមគម្រោងនាង ក៏នឹងមានរឿងថ្មីថែមទៀតផង នាពេលខាងមុខ។

នាង ហ្គួស៊ី ដែលមានឈ្មោះដើមថា ម៉ក់ ស្រីនាង ក៏ធ្លាប់បានបង្ហើបឱ្យដឹង តាមរយៈសារព័ត៌មានក្នុងស្រុក ផងដែរថា នាងមានគម្រោងចូលរួមប្រកួតកម្មវិធី សម្រស់លំដាប់ប្រទេស គឺ Miss Universe នៅឆ្នាំមុខនេះ តែមិនមែនឆ្នាំ២០២២នេះឡើយ ។ ហេតុផល គឺដោយសារឆ្នាំនេះ នាងត្រៀមខ្លួនមិនទាន់ ម៉្យាងទៀត ចង់ទុកពេលឱ្យខ្លួនឯងមានពេលរៀនសូត្រ ចំណេះជំនាញពាក់ព័ន្ធការប្រកួតនេះឱ្យបានច្រើនជាងមុនផង មុនពេលទៅចូលរួមប្រកួតប្រជែង ។

កត្តាជំរុញឱ្យ តារាសម្តែងពន្លកថ្មី នាង ហ្គួស៊ី ចង់ចូលរួមប្រកួតកម្មវិធី Miss Universe ព្រោះកញ្ញាមើលឃើញ ពីសក្កានុពលកម្មវិធីនេះ ហើយគិតថា កម្ពស់ និងសមត្ថភាព របស់នាង អាចចូលនៅក្នុង កម្មវិធីមួយនេះបាន ។ នាងចាប់ផ្ដើមរៀនសូត្រ និងត្រៀមខ្លួនចាប់ ពីពេលនេះតទៅ ដើម្បីដំណើឆ្ពោះទៅកាន់ កម្មវិធីប្រកួត Miss Universe នៅឆ្នាំខាងមុខ ។

សូមបញ្ជាក់ថា តារាសម្ដែង នាង ហ្គួស៊ី បច្ចុប្បន្នមានវ័យ២៣ឆ្នាំ និងកំពុងរស់នៅរាជធានីភ្នំពេញ ។ ក្រៅពីទេពកោសល្យសម្ដែង ទាំងតួស្លូតបូត និងកាចឆ្នាសឆ្នើម ហើយនោះ នាង ហ្គួស៊ី ក៏មានទេពកោសល្យ ផ្នែកច្រៀងទៀតផង ដោយឆាប់ៗនេះ នាងក៏នឹងចាប់ផ្ដើមច្រៀង Cover បទចម្រៀងជាបន្តបន្ទាប់ ដែលស្ថិតនៅក្នុងផែនការ ឆ្នាំ២០២២ របស់នាងដើម្បីក្រសោបយកការគាំទ្រ ពីមហាជនបន្ថែមទៀត ៕
ដោយ៖ ម៉ានី
