ភ្នំពេញ៖ តារាសម្ដែងរូបស្រស់កញ្ញា ទេព កញ្ញា ដែលលេចមុខតាមភាពយន្ដ និង MV ជាច្រើននោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានភ្ជាប់ពាក្យជាមួយ បុរសខ្មែរអាមេរិក ដោយទទួលបានការសាទរយ៉ាងខ្លាំង ពីសំណាក់មិត្តសិល្បៈ និងអ្នកគាំទ្រ ។

នៅក្នុងពិធីភ្ជាប់ពាក្យខាងលើនេះផងដែរ គេបានឃើញ ទេព កញ្ញា និងគូដណ្ដឹង គ្រងឈុតប្រពៃណី ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ រួមទាំងមានការចូលរួមឱ្យពរជ័យ ពីសំណាក់សាច់ញាតិទាំងសងខាង ដែលមើលទៅប្រកបដោយសុភមង្គលបំផុត ។
ជាមួយគ្នានេះដែរ បើទាក់ទងនឹងពេលវេលារៀបការ ទេព កញ្ញា ធ្លាប់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ចំពោះគម្រោងរៀបការជាក់លាក់ថាធ្វើ នៅពេលណា នោះមិនទាន់អាចកំណត់បាននោះទេ ហើយក៏មិនដឹងថា តើអាពាហ៍ពិពាហ៍ របស់នាងត្រូវធ្វើនៅខ្មែរ ឬនៅអាមេរិកដែរ ព្រោះចាំមើលសភាពជាក់ស្ដែងតែម្ដង។ ស្រីស្អាតទេព កញ្ញា បង្ហើបថាអានាគតស្វាមីរបស់នាង ជាអ្នកធ្វើការងាររដ្ឋ នៅអាមេរិក ហើយក្រោយធ្វើពិធីភ្ជាប់ពាក្យរួច បើធ្វើតេស្ដជាប់នៅស្ថានទូត នាងនឹងចេញទៅរស់នៅអាមេរិក ជុំគ្នាជាមួយគូដណ្ដឹង។

ដោយឡែកចំពោះអាជីពសិល្បៈវិញ ទេព កញ្ញា ថាក្រោយមានគូដណ្ដឹងនាង នៅតែបន្ដការងារ ដែលខ្លួនឯងស្រលាញ់នេះដដែល ខណៈដែលការបង្កើតមុខរបរអ្វីមួយនោះ គឺរងចាំក្រោយនាងនិងគូដណ្ដឹង ចាប់ដៃគ្នាហើយ ទើបគិតគូដល់រឿងរកស៊ី។
គួរឱ្យដឹងផងដែរថា ទេព កញ្ញា បានចាប់ផ្ដើមឈានជើងចូលសិល្បៈ នាកំលុងឆ្នាំ២០១៦ ហើយបានសាងស្នាដៃដំបូង តាមរយៈរឿង «ស្រទន់មន្តស្នេហ៍» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី ។ បន្ទាប់ពីនោះយីអ៊ុនរបស់នាង ក៏បានឡើងបន្តិចម្ដងៗ រហូតដល់សព្វថ្ងៃនេះ នាងបានលេចមុខ នៅក្នុងរឿងភាគ របស់ស្ថានីយទូរទស្សន៍ធំៗ ក្នុងស្រុកដូចជា ទូរទស្សន៍ហង្សមាស ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទូរទស្សន៍ PNN ជាដើម ។
មុននឹងមានគូណ្ដឹងនេះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នាងក៏បានធ្វើពិធីឡើង គេហដ្ឋានផ្ទាល់ខ្លួន នៅបុរីមួយកន្លែងនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញផងដែរ៕ ដោយ៖ ម៉ានី






