ភ្នំពេញ ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព គឺអ្នកនាង ភិន សុដាលីស ក្រោយពីបានចែកផ្លូវជាមួយពិធីករ ប្រុសដ៏ល្បីឈ្មោះគឺលោក ប៉ែន ចំរ៉ុង រួចមក សង្កេតឃើញថា នាងបានបង្ហាញភាពស្និទ្ធស្នាល ជាមួយបុរសសង្ហារវ័យក្មេងជាហូរហែ រហូតត្រូវបានអ្នកគាំទ្រ សង្ស័យថាជាគូស្នេហ៍ថ្មី របស់នាង ខណៈដែលកន្លងមក សុដាលី ធ្លាប់បានបដិសេធថា ពួកគេគ្រាន់តែជាមិត្តភក្ដិ ជិតស្និទ្ធប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ ការលាក់បាំងពីភ្នែកអ្នកគាំទ្រនេះ ពុំបានយូរឡើយ ព្រោះឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមហាជនចាប់អារម្មណ៍ឃើញ តារាសម្ដែង ភិន សុដាលីស កាន់តែមានក្ដីសុខជាមួយបុរសម្នាក់នោះ ហើយតែងបណ្ដើរគ្នាទៅណាមក ណាញឹកញាប់ ។ តួយ៉ាងថ្មីៗនេះជាឱកាសខួបកំណើតតារាសម្ដែង ភិន សុដាលីស ក្នុងនោះគេស្រាប់តែឃើញ គូស្នេហ៍របស់នាងដែលប្រើគណនីអ៊ីនស្រ្តា ក្រាមឈ្មោះថា Ah Jin បានបង្ហោះរូបថតស្វីត ១ ប៉ុស្ដិ៍កាលអ្នកទាំងពីរទៅដើរលេងនៅក្រៅប្រទេស ជាមួយគ្នានៅលើ IG Story ព្រមជាមួយពាក្យសម្ដីយ៉ាងផ្អែមជាងទឹកឃ្មុំ ខែប្រាំងនៅលើនោះថា ៖ «Happy birthday bebe I love you so much» ដែលមានអត្ថន័យជាភាសាខ្មែរថា ៖ «រីករាយថ្ងៃកំណើតអូនសម្លាញ់ បងស្រឡាញ់អូនខ្លាំងណាស់»។

លើសពីនោះ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ នេះដែរ អ្នកម៉េម៉ាយ ភិន សុដាលីស ក៏បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារ ទាំងសងខាងក្នុងថ្ងៃកំណើត របស់នាងកាលពីពេលកន្លងទៅ ។

ទាក់ទងនឹងសកម្មភាព ខាងលើនេះ ផងដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្របានលើកឡើងថា ការជួបជុំនោះ ពិតជាមានសុភមង្គល ប្រៀបដូចគ្រួសារ តែមួយយ៉ាងដូច្នោះ។ លើសពីនោះ ប្រហែលជាមិនយូរទេ អ្នកនាង ភិន សុដាលីស និង គូស្នេហ៍អាចនឹងមានដំណឹងល្អឆាប់ៗ ក៏ថាបាន ៕

ដោយ៖ ម៉ានី







