កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ អ្នកគាំទ្រ K-Popទូទាំងពិភពលោក មិនអាចទប់ក្ដីរំភើបបានទេ ពេល OG Queen គឺ 2NE1បង្ហាញមុខយ៉ាងភ្ញាក់ផ្អើលលើឆាកកម្មវិធី Coachella នៅឆ្នាំនេះ។

ក្រុមបានវិលជុំគ្នាជាពិសេស និងជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ ដោយគិតចាប់តាំងពិការបង្ហាញមុខជុំគ្នា លើឆាកលើកចុងក្រោយកាលពីឆ្នាំ ២០១៥ ក្នុងកម្មវិធី MAMA។ សមាជិកទាំងអស់ ក៏បានតែងខ្លួនជាមួយនឹង Style ប្រចាំខ្លួនម្នាក់ៗ ដោយ Sandara Park មកជាមួយនឹងសក់ម៉ូដបះឡើងលើ ឯ CL «The Baddest Female» មកជាមួយនឹងការតុបតែងខ្លួន ពេញដោយភាពជឿជាក់ ស្របពេល Park Bom តែងខ្លួនបែប Cute ដូចសព្វដង និងចុងក្រោយ Minzy គឺនៅតែ Sassy ជាមួយសក់ខ្លីដូចកាលពីទើប Debut ភ្លាមៗ។

ការលើកក្រុមមកបង្ហាញនៅពេលនេះ កាន់តែធ្វើឲ្យគ្រប់គ្នាសម្ដែង ការកោតសរសើរអស់ពីចិត្ត ចំពោះភាពជាអ្នកដឹកនាំរបស់ CL ព្រោះម្ដងហើយម្ដងទៀត នាងបានធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើប ភ្ញាក់ផ្អើលដោយសារវត្តមានជុំគ្នារបស់ក្រុម។ ចុះតើមូលហេតុអ្វីបានជានាងជ្រើសយកឱកាសនេះ សម្ដែងជាមួយសមាជិក 2NE1 ហើយមិនសម្ដែងតែឯង?

«មូលហេតុគឺ ខ្ញុំពិតជាចង់អញ្ជើញសមាជិក 2NE1 មកជុំគ្នាលើឆាកណាស់ ពេលខ្ញុំយល់ព្រមនឹងសំណើរថានឹងសម្ដែងមក្នុងកម្មវិធី Coachella គឺជាអ្វីដែលខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើវាបាន យើងអាចជុំគ្នាលើឆាកយើងផ្ទាល់ មុនក្លាយជារឿងយឺតពេល» CL លើកឡើង។

CL បន្ត៖ «បង្ហាញមុខលើឆាក ខ្ញុំពិតជាចង់ឃើញមនុស្សគ្រប់គ្នា អ្នកដែលការពារយើង និងនៅជាមួយយើងគ្រប់ពេល និងអរគុណពួកគេសម្រាប់រយៈពេល ១៣ឆ្នាំកន្លងទៅ នូវក្ដីស្រឡាញ់ និងការគាំទ្រ 2NE1។ ចង់និយាយថា ថ្ងៃនេះពិតជាថ្ងៃដ៏សំខាន់ និងសែនមានន័យបំផុតសម្រាប់ខ្ញុំ»។

ចុងក្រោយ CL បានបង្ហាញនូវអំណរគុណចំពោះទាំង សមាជិក និងមនុស្សទាំងអស់ថា៖ «ជាថ្មីម្ដងទៀត ខ្ញុំពិតជាអរគុណខ្លាំង ចំពោះសមាជិកទាំងអស់របស់ខ្ញុំ ដែលបង្ហាញភាពអស្ចារ្យលើឆាកជាមួយខ្ញុំនៅថ្ងៃនេះ។ ខ្ញុំពិតជាមានក្ដីសោមនស្សចំពោះអ្នកគ្រប់គ្នាដែលអាចធ្វើឲ្យការសម្ដែងនេះប្រព្រឹត្តិទៅបាន។ ខ្ញុក៏នឹងបន្តដំណើរទៅមុខទៀតរហូតដល់ពេលខ្ញុំអាចសម្ដែងបានច្រើនម៉ោងលើឆាករបស់ខ្ញុំផ្តាល់នៅថ្ងៃមុខ»។

គ្រប់គ្នាដឹងហើយថា CL គឺជាតារាទោលហើយនាបច្ចុប្បន្ននេះ ប៉ុន្តែទោះបីយ៉ាងណា នាងតែងក្ដោបសមាជិកទាំង ៣ទៀតក្នុងចិត្តគ្រប់ពេល៕ Source: Sabay
