ភ្នំពេញ៖ ចាកចេញទៅរស់នៅជាមួយស្វាមី នៅប្រទេសអូស្ត្រាលី បានមួយរយៈភ្លាមតារាសម្តែងរូបស្រស់ ចរិយា ពេជ្រ បានសម្រេចចិត្តដឹកដៃស្វាមី រៀបការម្តងទៀត នៅទឹកដីអូស្ត្រាលីយ៉ាងផ្អែមល្ហែម ដូចគូស្នេហ៍ថ្មីថ្មោង បើទោះបីពួកគេរៀបការច្រើនឆ្នាំ និងមានកូនជាចំណងដៃហើយក្តី ។

ចរិយា ពេជ្រ បានបណ្តើរកូនប្រុស ចេញទៅរស់នៅ ជាមួយស្វាមីតាមបំណង បើទោះជាអាជីពសិល្បៈរបស់នាង នៅក្នុងស្រុកកំពុងតែមានហាងឆេងខ្ពស់ យ៉ាងណាក៏ដោយ ។ ទៅដល់អូស្រ្តាលីទស្សនិកជនសង្កេតឃើញថាអ្នកនាង ចរិយា ពេជ្រ តែងចែករំលែករូបភាពដ៏ស្រស់ស្អាត ក៏ដូចសកម្មភាព និងការរស់នៅរបស់នាង នៅទីនោះក្នុងបណ្តាញសង្គម ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក៏មានការចាប់អារម្មណ៍ក្រោយឃើញ ស្រីស្អាត ចរិយា ពេជ្រ និងស្វាមីបានរៀបការ បែបបស្ចឹមប្រទេសជាថ្មីម្តងទៀត ដែលការណ៍នេះ បានធ្វើឱ្យអ្នកគាំទ្រ ស្ញើចសរសើរពីជីវិត ដ៏មានក្តីសុខរបស់នាង និង លាន់មាត់ថា «ឡូយណាស់មានកូនហើយរៀបការម្តងទៀត យ៉ាងរ៉ូមែនទិកគួរឱ្យច្រណែនមែន» ។
ជាមួយនឹងការរស់នៅ ក្នុងប្រទេសអូស្ត្រាលី ចរិយា ពេជ្រ បានបញ្ជាក់ថាមិនបានប្រកបអាជីពសិល្បៈទៀតឡើយពោល គឺនាងប្រើជីវិតជាស្ត្រីមេផ្ទះយ៉ាងពេញលេញ ។ ក្នុងនោះក៏មានការបង្ហើបថា ចរិយា ពេជ្រ ទទួលបានការស្រឡាញ់ និងយកចិត្តថ្លើមពីសំណាក់ស្វាមីមិនមានការទាស់ចិត្តឡើយ។
ទោះមានស្វាមីនិងកូនក្តី តែសម្រស់របស់តារាវ័យក្មេងរូបនេះ នៅតែទាក់ទាញ ជាពិសេសនៅពេលនាងលេងឈុតបែបសិចស៊ី ទៅលេងសមុទ្រម្តងៗ ធ្វើឱ្យបុរសៗមិនតិចទេជ្រួលជ្រើម ។
សូមបញ្ជាក់ថា តារាសម្ដែង ចរិយា ពេជ្រ បានចាប់ដៃសាងជីវិតគ្រួសារ ជាមួយស្វាមីវ័យចំណាស់កាលពីអំឡុងឆ្នាំ ២០១៨ ព្រមទាំងទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុប្រហែល ៣ឆ្នាំ ផងដែរ ៕ ដោយ៖ ម៉ានី









