ភ្នំពេញ ៖ តារាលេងក្បាច់រាំ យូរី ហាក់ឡើងកូដបន្ដិច នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះបទ ចម្រៀង ”រាំតោង” របស់នាង មានការពេញនិយមច្រើនគួរសម ទាំងនៅលើបណ្ដាញសង្គម និងមិត្តយុវវ័យ ទើប ធ្វើឱ្យស្រីស្រស់ មានទឹកមាត់ លេប ឡើងវិញ ។ ចំណែកឯរូបសម្រស់វិញ គេក៍ឃើញយូរី ថែ ស្បែកកាន់តែសខ្ចីម៉ត់ខៃ រលើបរលោងគួរឲ្យចង់ស្ទាប អង្អែល ក្រោយនាងបានចែកផ្លូវ ជាមួយលោក ថៅកែជា នី រយៈពេលជាង១ឆ្នាំមកនេះ ។
ជាមួយគ្នានេះដែរ មួយរយៈធំចុងក្រោយនេះ តារាចម្រៀងស្រីនិយមស្លៀកសិចស៊ីខាងលើ ក៏ហាក់ដូចជាពុំសូវ បង្ហាញអារម្មណ៍ឯកោ ដូចកាលពីទើបតែបែកសង្សារដែរ ផ្ទុយទៅវិញនាងបែជាបង្ហាញ សកម្មភាពសប្បាយៗ និងរីកមុខមាត់ជាថ្មីតាមរយៈបទ ”រាំតោង” ដែលជាបទចម្រៀងថ្មី របស់នាងចេញកាលពីអំឡុងបុណ្យ ចូលឆ្នាំខ្មែរ ហើយបទនេះក៏ធ្វើឱ្យនាងមានឱកាសបង្ហាញ វត្តមានលើឆាកតន្ត្រីជាច្រើនផងដែរ ។
ដូចដែលទស្សនិកជន បានជ្រាបស្រាប់រួចមកហើយថា ចាប់តាំងពីក្លាយជាតារាចម្រៀង ក្នុងផលិតកម្មហង្សមាស កាលពីកណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២០ រួចមក សេន យូរី ហៅ យូរី ហាក់ដូចជាបាត់បង់ប្រជាប្រិយភាពមួយផ្នែកធំ ព្រោះនាងមានបទចម្រៀងតិចតួចប៉ុណ្ណោះ បើគិតមកដល់សព្វថ្ងៃនេះ ។ យ៉ាងណាក៏ដោយ ក្រោយពីបែកស្នេហារួចមក សង្កេតឃើញថា នាងមានយីអ៊ុនឡើងវិញ ហើយសម្រស់ ក៏កាន់តែស្អាតប្លែកផងដែរ ។
គួរឱ្យដឹងថា ចាប់តាំងពីប្រឡូកក្នុងអាជីពជាតារាចម្រៀង កាលពីកំលុងឆ្នាំ ២០១១-២០១២ រហូតមកដល់សព្វថ្ងៃនេះ គេបានដឹងយ៉ាងច្បាស់ថា យូរី ធ្លាប់ឆ្លងកាត់ស្នេហា ជាមួយបុរស ៣នាករួចមកហើយ ដោយដំបូង គឺជាអ្នកដឹកនាំសម្ដែង ក្នុងផលិតកម្មសាន់ដេ លោក រ៉េត ប៉ុន្តែបុរសនោះបាន រត់ទៅការប្រពន្ធថ្មី ចោល នាងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែ ពេល នោះ យូរី ងាកទៅស្និតស្នេហ៍ជាមួយបុរស វ័យក្មេង រូបសង្ហារឈ្មោះ ប៊ីម៉ូ ដោយកាលនោះគេ ទាំងពីរនាក់ បានចាប់ដៃគ្នាផលិត បានបទចម្រៀងល្បីៗជាច្រើន ជាពិសេសបទ «ចាក់ទឹកដូង» ។ យូរី និង ប៊ីម៉ូ បានបង្ហាញជា សាធារណៈអំពី ទំនាក់ទំនងស្នេហា របស់ខ្លួនបានមួយរយៈខ្លី ស្រាប់តែ ធ្លាយព៏ត៌មានថា ថៅកែប្រុសវ័យក្មេង ជា នី តាមខាបបេះដូង យូ រី រហូតបានសម្រេច ប៉ុន្តែប្រហែល ២ ខែមុននេះ គេទាំងពីរបានចែកផ្លូវគ្នាទៅវិញ ទាំងមិនទាន់ដឹងមូលហេតុ ៕
ដោយ៖ ម៉ានី