ហុងកុង៖ យោងតាមរបាយការណ៍របស់ South China Morning Post, Oriental Daily និង Now News បានឲ្យដឹងថា តារាសម្តែងហុងកុង Kenneth Tsang ដែលជាមុខមាត់ត្រូវទស្សនិកជនស្គាល់ នៅលើកញ្ចក់ទូរទស្សន៍សិង្ហបុរី ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងបន្ទប់របស់លោក នៅសណ្ឋាគារដាច់ដោយឡែកមួយ ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៧ ខែមេសា តាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។
SCMP បានរាយការណ៍ថា បុរសអាយុ៨៧ ឆ្នាំរូបនេះបានត្រឡប់ទៅហុងកុង ពីសិង្ហបុរីវិញ នៅថ្ងៃទី ២៥ ខែមេសា ហើយបានចូលសណ្ឋាគារ Kowloon នៅលើផ្លូវ Nathan ក្នុង Tsim Sha Tsui សម្រាប់ការដាក់ឲ្យនៅ ដាច់ដោយឡែករយៈពេល៧ថ្ងៃ។ លោកបានធ្វើតេស្តិ៍អង់ទីហ្សែនរហ័ស នៃមេរោគCOVID-19 កាលពីថ្ងៃទី ២៦ ខែមេសា ហើយបានធ្វើតេស្តិ៍អវិជ្ជមាន។
នៅពេលតំណាងក្រសួងសុខាភិបាល បានពិនិត្យលើភ្ញៀវសណ្ឋាគារ កាលពីថ្ងៃទី ២៧ ខែមេសា មិនមានការឆ្លើយតប ពីបន្ទប់របស់ Tsang ឡើយ។ បុគ្គលិកសណ្ឋាគារ បានបើកទ្វារ ហើយលោក Tsang ត្រូវបានគេរកឃើញថា សន្លប់។ SCMP បានបន្តថា គ្រូពេទ្យបានមកដល់កន្លែងកើតហេតុ ហើយប្រកាសថា លោកស្លាប់។
យោងតាម AFP ប៉ូលីសហុងកុងបានចេញរបាយការណ៍ ឧបទ្ទវហេតុនិយាយថា ពួកគេត្រូវបានគេជូនដំណឹងថា សាកសពត្រូវបានរកឃើញ ដោយបុគ្គលិកសណ្ឋាគារ នៅម៉ោងប្រហែលថ្ងៃត្រង់ ហើយអ្នកស្លាប់ គឺជាត្រកូល Tsang អាយុ ៨៧ ឆ្នាំ។ មូលហេតុនៃការស្លាប់ កំពុងត្រូវបានស៊ើបអង្កេត។
តារាសម្ដែងរូបនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែមេសា ដោយកំពុងទទួលទានអាហារ នៅភោជនីយដ្ឋាន Pipa Duck ដុតធ្យូងដ៏ល្បីមួយ នៅ Kedah ។ លោកTsang បានប្រាប់កាសែត Sin Chew Daily ថា លោកបានបញ្ចប់ដំណើរកម្សាន្ត ទៅកាន់ប្រទេសម៉ាឡេស៊ី រយៈពេលពីរសប្តាហ៍ ហើយបានហោះហើរ ត្រឡប់ទៅហុងកុងវិញ តាមរយៈសិង្ហបុរី។
លោកបានរៀបរាប់ពីពេលវេលាដ៏រីករាយ ដែលចំណាយពេលធ្វើដំណើរទោល បន្ទាប់ពីត្រូវបានមើលថែ ដោយអ្នកដទៃសម្រាប់ការធ្វើដំណើរមុនៗ ស្ទើរតែទាំងអស់ក្នុងជីវិត របស់លោក។ អាជីពសម្ដែងរយៈពេល ៥០ ឆ្នាំរបស់ Tsang បានឃើញគាត់មិនត្រឹមតែ ជាតួឯកក្នុងខ្សែភាពយន្តហុងកុង និងរឿងភាគទូរទស្សន៍ ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងខ្សែភាពយន្ត ហូលីវូដផងដែរ ដូចជារឿង The Replacement Killers ឆ្នាំ ១៩៩៨, Anna and the King ឆ្នាំ ១៩៩៩ រឿង Rush Hour 2 របស់ឆ្នាំ ២០០១, ខ្សែភាពយន្ត James Bond ឆ្នាំ ២០០២ Die Another Day និង Memoirs of a Geisha ឆ្នាំ ២០០៥ ៕ ដោយ៖លី ភីលីព