ភ្នំពេញ៖ តារាសម្ដែងស្រីវ័យ ២១ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យ តាមរយៈស្នាដៃសម្ដែង ក្នុងខ្សែភាពយន្ដខ្មែរ តូចធំ ជាច្រើន ដែលក្ដោបបានតំណែង ជាតួឯកស្រី ជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀត រចនា រ៉ាវ៉ាឌី ក្រៅពីទទួលបានការចាប់អារម្មណ៍ គាំទ្រខ្លាំង ជាមួយនឹងទេពកោសល្យ ក្នុងវិស័យសម្ដែងនោះ កញ្ញាក៏តែងត្រូវបានមហាជន លើកសរសើរដល់រូបនាងមិនដាច់ ព្រោះស្រីស្អាតរូបនេះ កើតមកមានទាំងព្រម មានមុខមាត់ កម្ពស់កម្ពរស្រស់ស្អាត រាងខ្ពស់ដងខ្លួន ស្រឡូនទាក់ទាញខ្លាំង។ ដោយសារតែសម្រស់ដ៏ស្រស់សោភា នេះហើយ ទើបមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាស្រីរូបនេះ ជាច្រើន បាននាំគ្នាជំរុញគាំទ្រមួយទំហឹង ឱ្យនាងចូលប្រឡូក ក្នុងវិស័យបវរកញ្ញា ក្នុងកម្មវិធីណាមួយ។

ជាមួយគ្នានេះដែរ ពុំមែនមានតែកញ្ញា រចនា រ៉ាវ៉ាឌី ឡើយ ដែលអ្នកគាំទ្រជំរុញឱ្យចូលប្រកួតក្នុងកម្មវិធីជ្រើសរើសបរវកញ្ញាឯក តួយ៉ាងដូចជា កញ្ញា ហែម ថុនវិទិនី ដែលជាអតីតកីឡាការិនីហែលទឹកលេខ ១ របស់កម្ពុជា ក៏ត្រូវបានគេលើកទឹកចិត្តជាខ្លាំង ឱ្យកញ្ញាក្លាយជាបេក្ខភាពប្រឡងបរវកញ្ញា Miss Universe ផងដែរ ។ ហើយបើទោះជាមិនទាន់មានព័ត៌មានផ្លូវការថា កញ្ញា ហែម ថុនវិទិនី នឹងប្រឡងក្នុងកម្មវិធី លំដាប់ពិភពលោក ខាងលើយ៉ាងក្ដី ក៏ថ្មីៗនេះមានដំណឹងក្រៅផ្លូវថា នាងនឹងនឹងចូលចូលរួមប្រកួត នៅក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នេះ ៕





ដោយ៖ ម៉ានី
