សិល្បៈ និង កម្សាន្ត

ទីបំផុតម្ចាស់បំណុល ចេញមុខ ដោះស្រាយ តាមផ្លូវច្បាប់ទៅលើ ផេន ខេក

ភ្នំពេញ ៖ នៅលើបណ្ដាញ សង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍ខ្លាំងទៅលើរឿង តារាភេទទី៣ វ៉ាន់ សំណាង ហៅ ផេន ខេកត្រូវបានម្ចាស់បំណុល ចេញមុខបកអាក្រាត ទាមទារឱ្យសងឱ្យខានតែបាន ទោះជាត្រូវដោះស្រាយ តាមរបៀបណាក៏ដោយ ។

ជាមួយគ្នានេះដែរ ក្រោយពីផ្ទុះរឿងជាប់ជំពាក់បំណុលខ្ទង់ ១៥ម៉ឺនដុល្លារ ហើយថែមទាំងម្ចាស់បំណុលទាំងនោះចេញមុខ ឱ្យស្រាយផងនោះ ផេន ខេក បានត្រឹមតែឡាយវីដេអូ សំពះអង្វរ និងសុំការយោគយល់ពីម្ចាស់ទាំងនោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះម្ចាស់បំណុលរបស់ ផេន ខេក ចំនួនពីររូបគឺអ្នកលក់ ផលិតសម្រស់តាមអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលគេហៅឈ្មោះថា «ចែកា» ព្រមទាំងបងស្រីរបស់តារាសម្ដែង ដេនីក្វាន់ ឈ្មោះ ចោមចាន់ បានចេញមុខបង្ហោះសារជាសាធារណៈថា នឹងដោះស្រាយរឿងនេះ ជាមួយ ផេន ខេក តាមផ្លូវច្បាប់ ។

អ្នកនាង ចោមចាន់ បានបង្ហោះសារមួយ នៅលើគណនីហ្វេសប៊ុករបស់នាងយ៉ាងដូច្នេះថា «ខ្ញុំអត់និយាយច្រើនទេ ជំពាក់លុយសងលុយ កុំយកហេតុផល មកនិយាយជាមួយខ្ញុំបន្តទៀត ជិតមួយឆ្នាំហើយដែរ ខ្ញុំទុកពេលអោយ ទាំងដែលខ្ញុំជាម្ចាស់លុយ ត្រូវតាមអង្វរយកលុយរបស់ខ្ញុំ ត្រលប់មកវិញ អ្នកខ្លះប្រើពាក្យថាអាណិត តែមានដឹងថាកូនបំណុលយកលុយខ្ញុំទៅដើរ ចាយហ៊ឺហារ ទៅលើរឿងអត់ប្រយោជន៍» ។

នាងបន្តទៀតថា «ពាក់កណ្តាលយប់ក៏មកយកលុយដែរខ្ចីដែរ ការមិនបាន ហើយកុហក់បោកប្រាស់ទំនុកចិត្តសាហាវ ដូចនេះខ្ញុំមិននិយាយច្រើន ជួបគ្នាឆាប់ៗ អោយច្បាប់ចាត់ការបានសម កុំអោយទំលាប់មនុស្សអាក្រក់ អាងអីស្រាប់ៗ លុយមិនមិនក្រដាសទេណាសូមយល់អ្នកដែរពូកែអាណិត
ខ្ញុំលក់ដូហត់ណាស់កំលាំង ញើសឈាមពិតៗមិនបានដេកពួន ហេតុអីអ្នកអែងយកលុយខ្ញុំ ទៅហៃសូរទាំងម៉ឺនៗ» ។

គួរឱ្យដឹងថា ភេទទី៣ វ៉ាន់ សំណាង ហៅ ផេន ខេក តែងតែផ្តល់ស្នាមញញឹម និងសំណើចក្អាកក្អាយទៅកាន់មហាជន រាប់ពាន់នាក់ ទស្សនាហើយធូរស្រាលអារម្មណ៍ ផ្ទុយទៅវិញ ជីវិតពិត របស់ នាងមួយរយៈនេះ ហាក់ជួបបញ្ហាផ្ទួនៗគ្នា ដោយក្រៅតែពីបែកបាក់ ជាមួយប្ដីដែលទើបតែរៀបការ ហើយនោះ ឥលូវនេះថែមទាំងត្រូវបានម្ចាស់បំណុលបង្ហោះទារលុយយ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ តាមសម្ដីរបស់ ផេន ខេក ធ្លាប់បានបង្ហើបនៅក្នុងវីដេអូផ្សាយផ្ទាល់ របស់នាងយ៉ាងដូច្នេះថា បំណុលទាំងអស់របស់នាងគឺខ្ទង់ ១៥ម៉ឺនដុល្លារ ដូច្នេះហើយគឺនាងជាអ្នករ៉ាប់រងតែម្នាក់ឯងគត់ ៕

ដោយ៖ ម៉ានី

Most Popular

To Top