ភ្នំពេញ៖ តារាសម្ដែង មាន សូនីតា ត្រូវបានទស្សនិកជន អ្នកគាំទ្រ ទទួលស្គាល់ថា ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព មួយរូប ហើយនាងក៏ជាតារាស្រី ដែលលេចធ្លោជាងគេ ក្នុងការប្រើប្រាស់បណ្ដាញសង្គមផងដែរ ដែលគិតមកទល់ពេលនេះ ទំព័រហ្វេសប៊ុក និងគណនី Instagram ផ្លូវការ របស់នាង មានអ្នក Follow រហូតទៅដល់លើសពី ១លាននាក់ឯនោះ ។
ជាមួយគ្នានេះដែរ អ្វីដែលអ្នកគាំទ្រ ចាប់អារម្មណ៍នោះ គឺតារាស្រីដែលមានរហស្សនាមថា “រាជិនីក្រមា” រូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់កាន់តែស្រស់ស្អាតឡើងៗ ហើយសម្រស់ដ៏ស្រស់ស្អាតនេះ ក៏ត្រូវបានដឹងថា ជាសម្រស់ធម្មជាតិ ពុំមានការវះកាត់កែសម្ផស្សឡើយ ។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានអ្នកគាំទ្រ ដ៏ច្រើន ក៏មានអ្នករិះគន់ផងដែរទៅលើស្រីស្រស់សោភា មាន សូនីតា ទាក់ទងនឹងការស្លៀកពាក់ បែបសិចស៊ីរបស់នាង ត្បិតតែ តារាស្រីរូបនេះ ចូលចិត្តដើរលេងតាមតំបន់ព្រៃភ្នំ ជ្រោះធម្មជាតិ និងសមុទ្រ ដែលជាហេតុនាំឱ្យនាង ស្លៀកសម្លៀកបំពាក់ បែបប៊ីគីនីសិចស៊ី ។
តួយ៉ាងថ្មីៗនេះ មាន សូនីតា ត្រូវបានរងនូវការរិះគន់ខ្លាំង ពីណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បន្ទាប់ពីនាង បានបង្ហោះឃ្លីបខ្លីមួយបង្ហាញ ពីសកម្មភាពជិះឧបករណ៍ Flyboat ដែលជាឧបករណ៍ជិះលេងកម្សាន្តនៅលើទឹក ស្រដៀងស្គីទឹកដែរ ។ នៅក្នុងសកម្មភាពនោះ បានបង្ហាញ ឱ្យឃើញពីរាងស្រឡូនរបស់ មាន សូនីតា ជាមួយឈុតម៉ៃយ៉ូ ដ៏សិចស៊ី ព្រមទាំងមានបុរសជនបរទេសម្នាក់ នៅឱបខាងក្រោយ ទំនងជួយបង្រៀន នាងឱ្យស្ទាត់ជាមួយឧបករណ៍ Skyboat នោះ ។
ក្រោយពីមានការរិះគន់ទៅលើការស្លៀកពាក់ឈុតម៉ៃយ៉ូ មាន សូនីតា ក៏បានឆ្លើយតបទៅអ្នករិះគន់ទាំងនេះ ដោយកាត់តរូបថត នាងឈរនៅលើឧបករណ៍ Skyboat ជាមួយនឹងឈុត ក្បិន ហូល ផាម៉ួង សារ៉ុង …និង បានសួរថា «បងៗ …. ជួយប្រាប់ផង មួយណា» ។
គួរឱ្យដឹងផងដែរថា មិនមែនមានតែ មាន សូនីតា ម្នាក់ឡើយ ដែលត្រូវបានមហាជនមួយចំនួនរិះគន់ ទៅលើការស្លៀក បែបឈុតសិចស៊ី ពេលធ្វើដំណើរកម្សាន្តនៅសមុទ្រ ។ តួយ៉ាងកន្លងទៅពិធីការិនី ជីមមី ក៏ត្រូវបានគេរិះគន់ដែរ ហើយនាងក៏ប្រើវិធីឆ្លើយតប ទៅអ្នករិះគន់ទាំងនោះ ស្រដៀង មាន សូនីតា ដែរគឺតាមរយៈការ ស្លៀកពាក់ឈុតប្រពៃណី ដើរលេងតាមឆ្នេរសមុទ្រវិញ ៕
ដោយ៖ ម៉ានី