សិល្បៈ និង កម្សាន្ត

មាន សូនីតា ខ្វះភាពកក់ក្ដៅ តាំងពីតូច ពេលនេះឪពុកនាង ក៏ទទួលមរណភាពទៀត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តារាសម្តែងស្រីឆ្នើម មាន សូនីតា បានប្តូររូប profile នៅលើបណ្តាញ សង្គមក្នុងន័យកំពុងជួបទុក្ខ ដោយបានបង្ហើបដំណឹងថា ឪពុករបស់នាង បានលាចាកលោកហើយ ព្រមទាំងរៀបរាប់យ៉ាងខ្លីថា «យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅអោយបានសុខ»។

សម្រាប់ មាន សូនីតា កន្លងមកគេដឹងថា នាងមានប្រវត្តិកម្សត់ ដោយខ្វះភាពកក់ក្តៅតាំងពីនៅក្មេង ព្រោះឪពុកម្តាយនាងចែកផ្លូវគ្នា ហើយនាងក៏ត្រូវរស់នៅ ជាមួយម្តាយ ដែលដើរតួជាឪពុកផង ជាម្ដាយផង ។ ហេតុដូច្នេះហើយ ដោយសារម្តាយ រវល់ការងារ ទើបពេលនោះ នាងត្រូវរស់នៅក្រោមការមើលថែ របស់ម្តាយមីងវិញ ហើយនេះ ក៏ជាហេតុមួយ ដែលពេលកន្លងៗមកមហាជន មិនឃើញនាងបង្ហោះរូបភាព ជាមួយក្រុមគ្រួសារឡើយ ។

យ៉ាងណាក្ដី ទោះបីជាមិនមានការមើលថែ ពីសំណាក់ឪពុកក្តី នៅនាទីចុងក្រោយ មាន សូនីតា បានចូលរួមរំលែកទុក្ខ ពីដំណឹងសោកសៅនេះ ក្នុងនាមជាកូនស្រីម្នាក់ ។ ចំណែកឯអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈក៏បានចូលរួមរំលែកទុក្ខទៅកាន់តារាស្រីរូបនេះផងដែរ។

គួរឱ្យដឹងដែរថា មាន សូនីតា មានទឹកដីកំណើតនៅខេត្តកំពង់ចាម ។ ក្នុងឆ្នាំ២០០៩ ដោយសារការ ស្រលាញ់ និងមានក្ដីស្រមៃ ជាអាជីពតារាសម្ដែង នីតា បានសម្រេចចិត្តដាក់ពាក្យ ចូលប្រឡងក្នុងកម្មវិធី Freshie Boys & Girls ជំនាន់ទី៨ ជាលទ្ធផលនាង បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមបេក្ខភាព រាប់ ពាន់ នាក់រហូតសព្វថ្ងៃ មានឈ្មោះបោះសំឡេងលើវិស័យសិល្បៈ ៕

ដោយ៖ ម៉ានី

Most Popular

To Top