ភ្នំពេញ៖ តារាសម្តែង បេនី យ៉ាំង ដែលមហាជន តែងឃើញនាងពាក់ម៉ាស នៅច្រមុះជាប់ ពេលនេះនាងសម្រាលកូនប្រុសដំបូង បានដោយជោគជ័យហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល៩ខែ១០ថ្ងៃ ។ នេះបើតាមការបញ្ជាក់ អមជាមួយរូបភាពមួយសន្លឹកទារកគេងលើទ្រូងម្តាយ ដែលនាងបានបង្ហោះ នៅលើបណ្តាញសង្គម នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

យ៉ាងណាមិញ ដំណឹងរីករាយនេះក៏មានមិត្តសិល្បៈ រួមទាំងមហាជន ចូលរួមអបអរសាទរដល់អ្នកម្តាយថ្មីថោង ខណៈគេសង្គេតឃើញថា មិនមានវត្តមានគូស្នេហ៍ របស់នាងនៅជិត ផ្តល់កម្លាំងចិត្តក្នុងគ្រា ដ៏លំបាកនេះឡើយ ដែលកាលប្រមាណ៥ខែមុន ក៏លេចពាក្យចចាមអារ៉ាមនាង និងគូស្នេហ៍បានបែកគ្នាទៅហើយ ។ ទោះបីជាយ៉ាងនេះក្តី បេនី យ៉ាំង មិនទាន់បានបញ្ជាក់ជាផ្លូវការថាជាការពិត ឬយ៉ាងណា ខណៈកន្លងមកអ្នកទាំងពីរ ជាគូស្នេហ៍ឈ្លោះត្រូវៗ ជាមួយគ្នាជាញឹកញាប់ រហូតកន្លងមកធ្លាប់បែកគ្នា ហើយក៏ត្រលប់មកស្រលាញ់គ្នាម្តងទៀត រហូតមានដំណក់ឈាមរួមគ្នា។

គួរបញ្ជាក់ផងដែរថា បេនី យ៉ាំង បានដាក់ឈ្មោះកូនប្រុសដំបូង នាងថា លីអាន ដោយនាងសម្រាល ដោយការវះកាត់ ព្រោះនាងមានជំងឺបេះដូង មិនអាចសម្រាល ដោយធម្មជាតិបាន ។ កាលពីអំឡុង៥ ខែមុន បេនី យ៉ាំង ធ្វើឱ្យមហាជនង្ស័យថា នាងអាចនឹងបានបែកគ្នា ជាមួយគូស្នេហ៍ ដែលស្រឡាញ់គ្នា យូរឆ្នាំមកហើយ ។ គ្រប់សកម្មភាពនៅលើបណ្ដាញសង្គម មិនដែលបានឃើញនាង និងគូស្នេហ៍ថតរូបល្អូកល្អិនដូចមុន មិនតែប៉ុណ្ណោះគេឧស្សាហ៍ឃើញនាង បង្ហោះសំណេរប្លែកៗ ដូច្នេះហើយទើបទស្សនិកជនសន្និដ្ឋានថា បេនី យ៉ាំង និងគូស្នេហ៍ អាចត្រូវបានចែកផ្លូវគ្នា ហើយក៏ថាបាន ៕


ដោយ៖ ម៉ានី
