ភ្នំពេញ ៖ ក្រោយពីប្រកួតស្វិតស្វាញ មួយរយៈមកកម្មវិធីប្រកួតប្រជែង បវរកញ្ញាចក្រវាលកម្ពុជា ឬ Miss Universe Cambodia 2022 បានរកឃើញ ម្ចាស់ជ័យលាភី ហើយនៅរាត្រីថ្ងៃពុធ ទី១៥ ខែមិថុនា គឺបានទៅលើ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាពាក់ផ្លាកលេខ១៨ (MUC18)។

កញ្ញា ហង្ស ម៉ានីតា គឺជាបវរកញ្ញា លេចធ្លោមួយរូប ពោរពេញ ដោយសមត្ថភាព ភាពក្លាហាន និងមានសម្រស់ស្រស់ស្អាត រហូតគ្រងមកុដក្នុងឆ្នាំនេះ ដែលមានតម្លៃដល់ទៅ ១៨ម៉ឺនដុល្លារ យកឈ្នះបេក្ខនារីផ្លូវការ ទាំង២០រូប។

តាមរយៈព័ត៌មានផ្ទាល់ខ្លួន របស់ម្ចាស់មកុដ បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២២ ដែលបានបង្ហញនាពេលកន្លងមក បានឱ្យដឹងថា កញ្ញា ហង្ស ម៉ានីតា គឺជាកូនខ្មែរកាត់បារាំង មានអាយុ២៣ឆ្នាំ បានបញ្ចប់ការសិក្សានៅសាលា CamEd Business School បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ហើយនាង នឹង តំណាង ប្រទេស កម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ ប្រកួតបវរកញ្ញាចក្រវាល នាពេលខាងមុខនេះ នៅប្រទេសកូស្តារីកា នាពេលខាងមុខ ។

ក្រៅពីរកឃើញជ័យលាភីឯក បានទៅលើ MUC18 ហង្ស ម៉ានីតា ហើយជ័យលាភីលំដាប់រងទី១ បានទៅលើ MUC09 ហេង សុទ្ធនិស្ស័យ ជ័យលាភីរងទី២ បានទៅលើ MUC04 ហេង បូនីកា ជ័យលាភីរងទី៣ បានទៅលើ MUC08 រតនា សុខា វត្តី និងជ័យលាភីរងទី៤ បានទៅលើ MUC17 ហ៊ុន ហ្គិចឡាង ៕

ដោយ៖ ម៉ានី
