ភ្នំពេញ ៖ ចំណងស្នេហា ក្រោមឈ្មោះជាប្ដីប្រពន្ធ រវាងលោក លាន អាហ្រ្វីលគីនីន និងអ្នកនាង កែវ វល័ក្ខ ក្រោយពីបានកាត់ផ្ដាច់ អស់រយៈពេលមិនដល់មួយឆ្នាំផង គេទាំងពីរនាក់ ក៏បានបង្ហាញមុខគូរស្នេហ៍ថ្មីៗរៀងៗខ្លួន ដោយអ្នកនាង កែវ វល័ក្ខ បានភ្ជាប់ពាក្យ ជាមួយបុរសក្រៅសិល្បៈម្នាក់ មានឈ្មោះថា ប៉ិច សាវរីយ៍ ដែលមានវ័យកណ្តាលស្របាលៗគ្នា កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០២២ ខណៈឯលោក លាន អាហ្រ្វីលគីនីន ឯនោះវិញ ក៏បានចងស្ពានមានមេត្រីស្នេហ៍ ជាមួយអ្នកមេម៉ាយកូន៣ សាច់ខ្ចីទ្រលុកម្នាក់ ដែលជាអ្នកលក់ អនឡាញដ៏ល្បី ឈ្មោះ យូ លីណា ។

ជាការពិតណាស់ ត្បិតតែអតីតប្ដីប្រពន្ធទាំងពីរនាក់ខាងលើ មានម្ចាស់ចិត្តថ្មីរៀងៗខ្លួនហើយយ៉ាងក្ដី ប៉ុន្តែសម្រាប់អ្នកនាង កែវ វល័ក្ខ បានដឹកដីគូស្នេហ៍ថ្មីនាង រៀបចំពិធីតាមប្រពៃណី មុនលោក លាន អាហ្រ្វីលគីនីន ដែលបានត្រឹមតែមានឈ្មោះជាសង្សា នឹងអ្នកមេម៉ាយស្ដុក យូ លីណា ប៉ុណ្ណោះ ។ យ៉ាងណាមិញ ដើម្បីកុំឱ្យចាញ់ចិត្តអតីតភរិយា ទីបំផុត នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ លោក លាន អាហ្រ្វីលគីនីន និងអ្នកនាង យូ លីណា ក៏បានរៀបចំពិធីសែនព្រេន តាមប្រពៃណី មានមេបាចាស់ទុំដឹងឮទាំងសងខាង ដើម្បីសមទៅតាមទំនៀមទំលាប់ ។

អ្នកនាង យូ លីណា ភរិយាលោក លាន អាហ្រ្វីលគីនីន បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនថា « រៀបការមិនបង្ខំ ជ្រើសរើសដោយចិត្តនិងចិត្ត ជាសេចក្តីសុខ កម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិច ចំណេញបានប្តី ១ ជ័យយោ ខ្ញុំមានប្តីហើយ លែងមេម៉ាយ ហើយ » ។ មើលទៅភរិយាយថ្មីលោក លាន អាហ្រ្វីលគីនីន ពិតជារំភើបចិត្តណាស់ក្នុងថ្ងៃពិសេសរបស់ខ្លួន ចំណែកលោក លាន អាហ្រ្វីលគីនីន វិញ បានត្រឹមតែនិយាយក្នុងថ្ងៃពិសេសរបស់ខ្លួនថា « អរគុណប៉ាម៉ាក់ទាំងសងខាង » ។

គួរបញ្ជាក់ថា លាន អហ្វ្រីលគីនីន និង កែវ វ័ល័ក្ខ បានភ្ជាប់ស្នេហ៍ ប្រមាណ ជាង ២០ឆ្នាំ តែពួកគេមិនបានរៀការទេ ។ ជីវិតប្តីប្រពន្ធ អ្នកទាំងពីរមានរឿងល្អក់កករ ជាបន្តបន្ទាប់រហូតសម្រេចចិត្ត ដាក់ពាក្យលែងលះជាផ្លូវការ កាលពីចុងឆ្នាំ២០២១ ដោយបន្សល់នូវកូនប្រុស ស្រីចំនួន ០៥ នាក់ ដែលកូនប្រុសច្បងបានរៀបការ និងមានកូនហើយដែរ ៕


ដោយ៖ ម៉ានី
