ទោះបីជាតារាសម្ដែងដ៏ល្បី Bella Ranee មានស្នេហា មិនសមប្រកបយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនជីវិត របស់នាងត្រូវបរាជ័យគ្រប់រឿងទេ ព្រោះបើងាកមកការងារដែលនាងកំពុងកាន់កាប់ហាក់ ដូចជានាំនាងឡើងខ្ពស់កាន់តែខ្លាំង ។

ស្របពេលថ្មីៗនេះដែរ តារាស្រីរាងតូចរូបនេះ ក៏កំពុងជាប់ឈ្មោះជាតារាសម្ដែងថៃស្រី ដែលមានតម្លៃខ្លួនខ្ពស់ម្នាក់ដែរប្រចាំវិស័យសិល្បៈ ក្នុងចំណោមតារាជួរមុខថៃផ្សេងទៀត។ ផ្អែកតាមការបញ្ជាក់ពីសារព័ត៌មាន Kom Chad Luek បានឲ្យដឹងថា ពេលនេះ Bella អាចរកបាន ៩លានបាត (ខ្ទង់ ២៤៧ ៩៣៣ដុល្លារ) ពីក្នុងមួយស្ប៉តពាណិជ្ជកម្ម។ ជាមួយគ្នានោះ នៅឆ្នាំនេះ ក៏មានការឲ្យដឹងដែរថា នាងគឺជា ទូតសុឆន្ទៈរបស់ Brand ផ្សេងៗគ្នាលើសពី ២០ ក្រុមហ៊ុនឯណោះ។

បើនិយាយពីការងារផ្នែកភាពយន្តវិញ នាង អាចរកបាន ៨០ ០០០ បាត (ខ្ទង់ ២ ២០៥ដុល្លារ) ពីការសម្ដែង ត្រឹមក្នុងមួយភាគប៉ុណ្ណោះ។

ចុងក្រោយ បន្ថែមជាមួយនឹងការបង្ហាញមុខក្នុងកម្មវិធីផ្សេងៗ Bella Ranee ក៏អាចទទួលបាន ២០០ ០០០ បាត (ខ្ទង់ ៥ ៥១២ ដុល្លារ) ទៀតផង។

ប្រភពចំណូលមិនមែនមានតែត្រឹមនេះទេ ព្រោះបើតាមប្រភពពីសារព័ត៌មានដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្ន Bella ក៏ត្រូវបានគេរាយការណ៍ថា គឺជា នាយិការបស់ក្រុមហ៊ុន BOEL40 ដែលជាក្រុមហ៊ុន Media ឬផ្សព្វផ្សាយទៀតផង ។
ក្រុមហ៊ុនរបស់នាង អាចស្វែងរកប្រាក់ចំណេញបានជាង ១៥លានបាត (ប្រហែល ៤៣ម៉ឺនដុល្លារ) និង ជាង ៦លានបាត (ខ្ទង់ ១៧ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ និង ២០២១។

ចំណូលដ៏ច្រើននេះ អាចជាភស្តុតាង សមល្មមអាចឲ្យគ្រប់គ្នា ច្បាស់ក្នុងចិត្តហើយថា នារីរឹងមាំរូបនេះ ពិតជាមានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ចំណូល ពីច្រើនប្រភព ដោយមិនគេង ចាំសំណាងអ្នកណាឡើយ ៕
