ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី អៀ ម៉េងលិ ហៅ អូនម៉ី ទើបតែមានយីអ៊ុនឡើងស្រឺតៗជាទូតសុឆន្ទៈផលិតផលថែរក្សាសម្រស់ ស្រាប់តែប្រកាសនៅលើបណ្តាញសង្គមនៅថ្ងៃទី២៩ កក្កដា ថាបែកសង្សារ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំ ហើយបែកលើកនេះនាងមិនត្រូវគ្នាវិញទេ ។
ស្រីស្អាត អៀ ម៉េងលិ បានបង្ហោះសារយ៉ាងដូច្នេះថា «នាងខ្ញុំសុំប្រកាសជាសាធារណៈ ថានាងខ្ញុំជាមួយបុរសមួយនេះ(សង្សារ)បានបែកគ្នាហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់លឺ សូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថាអោយនាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រឡាញ់គ្នាក៏ផុសជាសាធារណៈអោយបងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ អោយប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់»។
តារាស៊ិចស៊ីរូបនេះបន្តទៀតថា «ខ្ញុំជាមួយម្នាក់នេះគឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង ស្រីៗប៉ះម្នាក់នឹងត្រៀមខ្លួនទៅ»។
ទន្ទឹមនឹងព័ត៌មានបែកគ្នាខាងលើនេះផងដែរ ក៏មានមតិមួយចំនួនបានលើកឡើងថា អាចគ្រាន់តែជាការសម្ដែងទាមទារចំណាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះ ព្រោះពេលនេះ ម៉េងលិ កំពុងចូលខ្លួនប្រឡូកក្នុងទីផ្សារលក់ផលិតផលអនឡាញ ។ ហើយណាមួយកន្លងៗមកស្រីស្អាតរូបនេះ ក៏ធ្លាប់ប្រកាសបែកគ្នាច្រើនលើកច្រើនសាររួចមកហើយដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងក៏ឃើញត្រូវគ្នាវិញ រហូតស្ទើតែលែងមានអ្នកយកចិត្តទុកដាក់ទៅហើយសម្រាប់រឿងគូស្នេហ៍គេទាំងពីរនាក់នេះ ។
គួរបញ្ជាក់ផងដែរថា អៀ ម៉េងលិ បានក្តោបឱកាសជាទូតសុឆន្ទៈផលិតផលថែរក្សាសម្រស់ឱ្យក្រុមហ៊ុនមួយដែលមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ប៉ុន្តែគួរឱ្យសោកស្តាយ អៀ ម៉េងលិ ជោគជ័យលើការងារ បែរជាមកអភ័ព្វស្នេហ៍ តស៊ូស្រលាញ់គ្នា៥ឆ្នាំហើយ ប៉ុន្តែមិនសមបំណងដឹកដៃគ្នាចូលរោងការ ។ ចំពោះមូលហេតុរហូតដល់ការបែកបាក់លើកនេះ ម៉េងលិ ពុំបានបញ្ជាក់ឱ្យដឹងឡើយ ដោយគ្រាន់តែបង្ហើបថា នាង និងអតីតគូស្នេហ៍មានរឿងច្រើនដែលមិនអាចប្រាប់មហាជនឱ្យដឹងបានឡើយ ៕ ដោយ៖ ម៉ានី







