ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ពិតជាមិនធម្មតានោះទេ ជិតដល់ថ្ងៃ ប្រគំតន្រ្តីផ្ទាល់ខ្លួន ជាលើកដំបូង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែសីហា នេះ បានទិញគ្រឿងអលង្ការខ្សែកពេជ្រ មានបណ្តោងឈ្មោះ TBP ដ៏ស្រស់ស្អាត រីឯខ្សែកនេះ មានតម្លៃរហូតដល់ ជិត៩ម៉ឺនដុល្លារ ។

ទស្សនិកជនប្រាកដជាស្គាល់ហើយថា តារាចម្រៀង ទេព បូព្រឹក្ស គូស្នេហ៍ តារាចម្រៀងល្បីឈ្មោះ ជី ដេវីត មិនត្រឹមតែពូកែនិយម តុបតែងខ្លួនបែបប្លែកៗ ទាក់ទាញ ចំណាប់អារម្មណ៍តែប៉ុណ្ណោះទេ តែនាងក៏ជាតារាមួយ រូបនិយម ជិះឡានទំនើបៗ ជាពិសេសតារាស្រីរូបនេះ តែងតែធ្វើគ្រឿងអលង្ការពេជ្រ ស្អាតៗជាច្រើន ទៅតាមតម្រូវការកម្មវិធី។
តួយ៉ាង ជិតដល់ថ្ងៃប្រគំតន្រ្តីផ្ទាល់ខ្លួន ជាលើកដំបូង ទេព បូព្រឹក្ស បានធ្វើឱ្យមហាជន បើកភ្នែកចំហមាត់ធំៗ ព្រោះនាងបង្ហាញគ្រឿងអលង្ការ ជាខ្សែកពេជ្រថ្មី ដ៏ស្រស់ស្អាតពី ហាងប្រចាំខ្លួន ខណៈម្ចាស់ហាងបានទម្លាយតម្លៃខ្សែកនេះ មានតម្លៃរហូតដល់ ៨ម៉ឺន៦ពាន់ដុល្លារ ដែលជាតួលេខខ្ពស់មួយមិនធម្មតា។

យ៉ាងណាបើតាមការឱ្យដឹងពីកញ្ញា ទេព បូព្រឹក ការធ្វើខ្សែកឈ្មោះនាងតម្លៃរាប់ម៉ឺន ដុល្លារនេះ ជាកាដូដល់ខ្លួនឯងក្នុងថ្ងៃទី១៤ ដែលជាថ្ងៃប្រគំតន្រ្តីផ្ទាល់ខ្លួន ជាលើក ដំបូងរបស់នាង បន្ទាប់ពីនាងខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ លើវិថីសិល្បៈ ទម្រាំអាចមានការប្រគំតន្រ្តីខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅផ្សារទំនើប AEON Mall Sen Sok City ៕ ដោយ៖ ម៉ានី

