នៅពេលដែលឭឈ្មោះ ហង់រី ម៉ាហ្សាល់ (Henri Marchal) ប្រជាជនកម្ពុជា ទូទាំងប្រាកដជាមិនច្បាស់ ក្នុងចិត្តទេថាជានរណា ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវ និងសិក្សាពីប្រវត្តិសាស្ត្រពិត ជាបានដឹងច្បាស់ និងតែងឭឈ្មោះលោក រហូតមក សម្រាប់អ្នកសៀមរាប ជាន់ចាស់តែងហៅលោកថា “លោកតា ស” ដោយសារគាត់គឺជាជនជាតិបារាំង។
ម៉ាហ្សាល់ គឺជាអ្នកស្រាវជ្រាវ នៃសាលាបារាំងចុងបូព៌ាប្រទេស ហៅកាត់ថា EFEO ហើយជាប្រធានអភិរក្សដ្ឋានអង្គរ និងជាអ្នកដឹកនាំគម្រោង ជួសជុលប្រាសាទជាច្រើន នៅក្នុងតំបន់អង្គរ រយៈពេលជាង៧០ឆ្នាំ។ លោកកើតនៅក្នុងឆ្នាំ១៨៧៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅឆ្នាំ១៩១៧ លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ក្រោយពេលលោក ហ្សង់ កូម៉ៃ (Jean Commaille) ប្រធានអភិរក្សដ្ឋានអង្គរដំបូងគេបានស្លាប់។
លោកជាអ្នកជួសជុលប្រាសាទបន្ទាយស្រី ដោយយកបច្ចេកទេសអាណាស្ទីឡូស មកប្រើដំបូងគេនៅប្រទេសកម្ពុជា។ ស្ទើរតែពេញមួយជីវិតរបស់ ម៉ាហ្សាល់ គឺបានបូជាចំពោះការងារ ស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាបុរាណរបស់ខ្មែរជាច្រើន ជាពិសេសគឺប្រាសាទ នៅតំបន់អង្គរតែម្តង។ លោកតា “ស” បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ ១៩៧០ នៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងជន្មាយុ ៩៤ឆ្នាំ៕ Source: Sabay