សិល្បៈ និង កម្សាន្ត

ដឹង​អត់​ថា ជនជាតិ​អឺរ៉ុប​ ណា​ដែល​មក​លេង​អង្គរ​វត្ត​មុន​គេ?

ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​សាងសង់​ឡើង​នៅ​សតវត្ស​ទី១២ ក្រោម​រាជ្យ​ព្រះបាទ​សុរិយវរ្ម័ន​ទី២។ អំឡុង​ពេល​ជិត​ ១ពាន់​ឆ្នាំ​នេះ ប្រាសាទ​នេះ​ពើប​ប្រទះ​នឹង​រឿងរ៉ាវ​គ្រប់​រសជាតិ។ ក្រោយ​ពី​ចក្រភព​អង្គរ​ដួល​រលំ​ទៅ ប្រាសាទ​នេះ​បាន​កប់​កំបាំង​កណ្ដាល​ព្រៃ រហូត​ដល់​មាន​ការ​រុករក​ចាប់​ពី​សតវត្ស​ទី១៦។

រូបភាព​គូស​ដោយ​ លោក​ Mouhoutក្នុង​ចំណោម​ការ​រុករក​នោះ​ ក៏​មាន​វត្តមាន​ជនជាតិ​អឺរ៉ុប​ដែរ​។ តាម​ពិត​ជនជាតិ​អឺរ៉ុប​ ដែល​មក​ដល់​អង្គរ​វត្ត​មុន​គេ​ មិនមែន​ជនជាតិ​បារាំង​ទេ។ ជនជាតិ​ព័រទុយហ្គាល់​ទេ ដែល​បាន​មក​ដល់​ប្រាសាទ​ដ៏​ស្កឹមស្កៃ​មួយ​នេះ។

មាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​កាតូលិក​ព័រទុយហ្គាល់​លោក Antonio da បាន​មក​ដល់​ប្រាសាទ​នេះ​មុន​គេ។ លោក​បាន​រៀបរាប់​ប្រាប់​ប្រវត្តិវិទូ​ព័រទុយហ្គាល់​លោក Diogo do Cuoto ថា សំណង់​ស្ថាបត្យកម្ម​នេះ​មិន​អាច​បកស្រាយ​តាម​រយៈ​ប៊ិច​បាន​ទេ ដោយ​សារ​តែ​គ្មាន​សំណង់​ណា​ដូច​អង្គរ​វត្ត​នេះ​ទេ​នៅ​លើ​លោក​យើង។

ទោះ​យ៉ាងណា​ក៏​ដោយ អង្គរ​វត្ត​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ពេល​ដែល​ធម្មជាតិវិទូ​ជនជាតិ​បារាំង​លោក Henri Mouhout ទៅ​ដល់​ទីនោះ ហើយ​សរសេរ​សៀវភៅ​ ដំណើរ​ផ្សងព្រេង​នៅ​ សៀម កម្ពុជា និង​ឡាវ, ១៨៥៨-១៨៦០។ សៀវភៅ​នេះ​បាន​ទាក់ទាញ​ទេសចរ​អឺរ៉ុប​ និង​លោក​ខាង​លិច​មក​កាន់​អង្គរ​វត្ត​បន្តិច​ម្ដងៗ​អំឡុង​សម័យ​អាណានិគម៕

ប្រភព៖ sabay

Most Popular

To Top