ភ្នំពេញ៖ ក្រោយពីបានស្ពាយ ឈ្មោះជាស្ត្រីមេម៉ាយអស់រយៈពេលច្រើនឆ្នាំ ទីបំផុតតារាសម្ដែងឆ្នើម លី ចាន់សីហា បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយនឹងបុរសរូបសង្ហាម្នាក់មានឈ្មោះថា ទិត្យ ចន្ថា ដែលដំណឹងនេះ បានធ្វើឱ្យមានការសាទរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងមិត្តភក្ដិលើបណ្ដាញសង្គម ។

ជាការពិតណាស់ ដូចដែលប្រិយមិត្តយើងបានដឹងហើយថា តារាសម្ដែងអ្នកនាង លី ចាន់សីហា បានស្ពាយឈ្មោះជាស្ត្រីមេម៉ាយ មកជាច្រើនឆ្នាំមកហើយ ដោយតារាស្រីរូបនេះតស៊ូប្រឹងប្រែងធ្វើការងារងារចិញ្ចឹមកូនតែម្នាក់ឯង ស្ទើរតែគ្មានថ្ងៃសម្រាកឡើយ ។ បន្ទាប់មានឈ្មោះជាស្ត្រីមេម៉ាយអ្នកនាង លី ចាន់សីហា ហាក់មិនទាន់លេចឮថា មានទំនាក់ទំនងផ្តើមស្នេហ៍ថ្មីនោះទេ ។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញនេះ អ្នកមេម៉ាយកូនមួយ លី ចាន់សីហា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល យ៉ាងខ្លាំងក្រោយពីនាងបានសម្រេចចិត្ត ភ្ញាប់ពាក្យ ជាមួយ បុរសម្នាក់មានឈ្មោះ ទិត្យ ចន្ថា ហើយដំណឹងនេះ គឺគ្រប់គ្នាបានដឹងតាមរយៈការបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់ លី ចាន់សីហា ផ្ទាល់តែម្ដង ។

ងាកទៅមើលតារាសម្ដែង មិត្តៗសិល្បករ ក្នុងរង្វង់សិល្បៈខ្មែរវិញ បន្ទាប់ពីបានដឹងដំណឹងនៃការចូលរោងការ របស់ តារាសម្ដែងស្រី អ្នកនាង លី ចាន់សីហាមក គេក៏ឃើញមានការសរសេរសារ ជូនពរជាច្រើនព្រោងព្រាត បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។

គួរឱ្យដឹងផងដែរថា កាលពីខែឧសភា ឆ្នាំ ២០១៧ លី ចាន់សីហា បានចូលរោងការ ជាមួយមន្ត្រីជាន់ខ្ពស់មួយរូប ដោយបានសាងចំណងគ្រួសារ ជាមួយគ្នាទទួលបានកូនស្រីម្នាក់ ។ យ៉ាងណាមិញ ចំណងស្នេហ៍នេះមិនបានគង់វង្សប៉ុន្មានឆ្នាំផង គេទាំងពីរនាក់ក៏ត្រូវចែកផ្លូវគ្នា ទៅវិញ ដោយ លី ចាន់សីហា សុខចិត្តស្ពាយ ឈ្មោះជាស្ត្រីមេម៉ាយ និងចិញ្ចឹមកូនតែម្នាក់ឯង ៕


ដោយ៖ ម៉ានី
