ភ្នំពេញ ៖ តារាសម្ដែងស្រីស្រស់សោភា ទេព កញ្ញា ក្រោយពីបានចូល រោងភ្ជាប់ពាក្យជាមួយគូដណ្ដឹង ដែលជាអនិកជនខ្មែរ-អាមេរិក កាលពីចុងខែមីនា ឆ្នាំ ២០២២ រួចមក ស្រាប់តែថ្ងៃនេះបានដឹងដំណឹងថា នាងកំពុងពរពោះ ដែលមើលទៅដូចជាច្រើន ខែដែរហើយ ។

នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ទេព កញ្ញា បានទម្លាយរូបថត ៣សន្លឹកបង្ហាញពីរាងកាយ ដែលកំពុងមានផ្ទៃពោះរបស់នាង នៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាងគ្រាន់តែបង្ហាញឱ្យដឹងថា កំពុងមានផ្ទៃពោះប៉ុននោះ ពុំបានបង្ហើបឱ្យដឹងថា តើកូនក្នុងផ្ទៃរបស់នាង មានអាយុប៉ុន្មានខែឡើយ បើទោះជាមានមិត្តក្នុងហ្វេសប៊ុក សួរនាំយ៉ាងណាក៏ដោយ ។

គួរឱ្យដឹងថា តារាសម្ដែងរូបស្រស់កញ្ញា ទេព កញ្ញា ដែលលេចមុខតាមភាពយន្ដ និង MV ជាច្រើន នោះ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នេះ បានភ្ជាប់ពាក្យជាមួយ បុរសខ្មែរ អាមេរិក ដោយទទួលបានការសាទរ យ៉ាងខ្លាំងពីសំណាក់មិត្តសិល្បៈ និងអ្នកគាំទ្រ ។

ជាមួយគ្នានេះដែរ បើទាក់ទងនឹងពេលវេលារៀបការ ទេព កញ្ញា ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចំពោះគម្រោងរៀបការជាក់លាក់ថាធ្វើ នៅពេលណា នោះមិនទាន់អាចកំណត់ បាននោះទេ ហើយក៏មិន ដឹងថាតើអាពាហ៍ពិពាហ៍ របស់នាងត្រូវ ធ្វើ នៅខ្មែរ ឬនៅអាមេរិកដែរ ព្រោះចាំមើលសភាព ជាក់ស្ដែងតែម្ដង ។ ស្រីស្អាតទេព កញ្ញា បង្ហើបថា អានាគត ស្វាមីរបស់នាងជាអ្នកធ្វើការងាររដ្ឋ នៅអាមេរិក ៕





ដោយ៖ ម៉ានី
