ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀង ដេីម្បីអបអរសាទរ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ ទទួលបានជោគជ័យជាអនេក។
លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលថ្នាក់កណ្តាល នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះដេីម្បីអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ក៏ដូចជាការថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួនធ្វេីឱ្យកម្មវិធីជិះកង់តាមផ្លូវល្បឿនលឿននេះទទួលបានជោគជ័យ។
លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ បានបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែក្នុងគោលបំណងដើម្បីសុខភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងស្មារតី យុវជន “អរគុណសន្តិភាព” ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់ ក៏ដូចជាការស្វែងរកមូលនិធិសម្រាប់ជួយសង្គមផងដែរ។ តាមរយៈយុទ្ធនាការជិះកង់នេះ លោកបានសង្កេតឃេីញក្រុមកីឡាករទាំងអស់គឺមានភាពសាមគ្គីគ្នាយ៉ាងល្អ ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រេីន ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបដែរថា សម្រាប់កម្មវិធីជប់លៀងអបអរនេះដែរក៏មានការប្រគល់លិខិតសរសេីរដល់ក្រុមកីឡាករ កីឡាការិនី និងចែកលិខិតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់ ក៏ដូចជាមានជាកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ជាច្រេីនផងដែរ។
សូមបញ្ជាក់ដែរថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានរៀបចំក្បួនជិះកង់ ដែលមានអ្នកចូលរួមជាង ៣០០នាក់ ក្នុងស្មារតីយុវជន «អរគុណសន្តិភាព» ដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ដោយចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៤ព្រឹក ហើយទៅដល់ក្រុងព្រះសីហនុនៅពេលរសៀល។
ការរៀបចំព្រឹត្តិការណ៍នេះដែរ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់ ក៏ដូចជាដើម្បីស្វែងយល់ពីសក្តានុពលនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីការជិះកង់មើលពីសក្តានុពលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ក្រុមជិះកង់ខាងលើក៏បានបន្តដំណើរជិះកង់ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចម្រើននៅក្រុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់នៅចំណុច «ខ្មែរធ្វើបាន» ផងដែរ៕










