បូស្តុន៖ នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា ផ្ទះកុមារភាពរបស់តារាសម្តែង Mark Wahlberg ដែលជាកន្លែងកម្សាន្តរបស់គ្រួសារ Mark និង Donnie Wahlberg ធ្លាប់រស់នៅបានរងការខូចខាត ដោយអគ្គីភ័យ កាលពីថ្ងៃអាទិត្យ ទី២ ខែតុលា នៅសង្កាត់ Dorchester នៃទីក្រុងបូស្តុន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
ស្នងការអគ្គីភ័យលោក Paul Burke បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅផ្ទះក្បែរនោះ នៅម៉ោងប្រហែល ១០ ព្រឹក ប៉ុន្តែបានរាលដាលដល់អគារចំនួន ៣ ផ្សេងទៀត ដោយសារតែខ្យល់ខ្លាំង។ អ្នកពន្លត់អគ្គិភ័យ២នាក់ បានរងរបួស ហើយប្រជាពលរដ្ឋម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការឆេះនេះនៅឡើយទេ។
ផ្ទះមួយក្នុងចំណោមផ្ទះ ស្ថិតនៅបណ្តោយផ្លូវ 25 Peverell ជាកន្លែងគ្រួសារលោក Wahlberg ធ្លាប់រស់នៅ។ លោកMark Wahlberg បានទៅលេងផ្ទះកំឡុងពេល ផលិតភាពយន្ត Netflix របស់លោកWonderland កាលឆ្នាំ ២០១៨ និង២០១៩ ។ វីដេអូមួយត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម តារាសម្តែងរូបនេះ ឈរដោយគ្មានអាវនៅមុខផ្ទះ ។
ផ្ទះដែលរងផលប៉ះពាល់ដោយភ្លើង កាលពីថ្ងៃអាទិត្យគឺជាប្រភេទស្ថាបត្យកម្មបូស្តុនបុរាណ ហៅថា ផ្ទះ៣ជាន់ ជាផ្ទះ៣គ្រួសារ ដែលជារឿងធម្មតាក្នុងទីក្រុង។ ស្នងការអគ្គីភ័យបានប្រាប់ WCVB-TV ថា វាគឺជាជាន់សរុបចំនួន ៤បានឆេះ ភាគច្រើននៅខាងក្រោយអគារ នៅលើរានហាល។
លោក Brian Alkins អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យ នៃទីក្រុង Boston បាននិយាយថា មនុស្សចំនួន ១៥ នាក់ ត្រូវបានជម្លៀសដោយអគ្គីភ័យ។ លោកប៉ាន់ប្រមាណថាការខូចខាតអគារ មានចំនួន ២ លានដុល្លារអាមេរិក (២,៨ លានដុល្លារសិង្ហបុរី)៕ ដោយ៖លី ភីលីព