សិល្បៈ និង កម្សាន្ត

រឿងសង្គ្រាមទុកមួយឡែកសិន តែដល់ពេលប្រឡង MGI បវរកញ្ញាអ៊ុយក្រែន និង រុស្ស៊ី ត្រូវគេងរួមបន្ទប់ជាមួយគ្នា

កម្មវិធី Miss Grand International ឆ្នាំ ២០២២ បាន​រៀបចំ​ឲ្យបវរកញ្ញា​ មកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន ក្លាយជាមិត្តរួមបន្ទប់ជាមួយគ្នា ចំពេលសង្គ្រាមរវាងប្រទេសរបស់ពួកគេទាំង ២ នៅបន្ត មិនទាន់ចប់។

ជាក់ស្ដែងដៃគូរួមបន្ទប់ជាមួយគ្នា របស់បេក្ខបវរកញ្ញា Miss Grand International ឆ្នាំ ២០២២ ត្រូវបាន​ប្រកាស ក្នុងវីដេអូ Live ផ្ទាល់ចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី កាលពីយប់ថ្ងៃទី០៣ ខែតុលា ។ ផ្អែកតាមលទ្ធផល គឺ បវរកញ្ញាអ៊ុយក្រែន (Olga Vasyliv) និង បវរកញ្ញារុស្ស៊ី (Ekaterina Astachenkova) នឹង​ត្រូវ​ចែកបន្ទប់គ្នាស្នាក់នៅ សម្រាប់ពេល​វេលាដែល​ពួកគេត្រូវចំណាយ ក្នុងកម្មវិធីប្រកួត។

ផ្អែកតាមតារាងកម្មវិធី Miss Grand International 2022 បានឲ្យដឹងថា បេក្ខនារីមួយមួយចំនួនបានមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះឆ្នាំនេះហើយ។ ឯសកម្មភាពដែលទាក់ទងនឹងការប្រកួត គ្រោងនឹងអូសបន្លាយរហូតដល់ចុងខែតុលា។

គេហទំព័រនេះបាននិយាយថា «Miss Grand International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់មនុស្សជាតិ ដើម្បីបង្កើតយុទ្ធនាការបញ្ឈប់សង្គ្រាម និងអំពើហិង្សា។ យើងបានព្យាយាមធ្វើជាសំឡេងនៃសន្តិភាព នៅលើពិភពលោក។ ជារៀងរាល់ឆ្នាំយើងព្យាយាមផ្ញើសារ ដើម្បីផ្តល់ក្តីស្រឡាញ់ និងសន្តិភាពដល់ពិភពលោកតាមរយៈការបញ្ជូនសុន្ទរកថា ពីបេក្ខនារីដ៏ស្រស់ស្អាតចំនួន ១០ ស្ថិតនៅវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រចាំឆ្នាំនីមួយៗ និងរៀងរាល់ឆ្នាំ នៅពេលមានឱកាស ម្ចាស់ជយលាភី Miss Grand International ត្រូវធ្វើដំណើរបន្តបេសកកម្មតស៊ូ និងបញ្ឈប់សង្គ្រាម ក៏ដូចជាអំពើហិង្សាគ្រប់រូបភាព ស្របតាមយុទ្ធនាការ “បញ្ឈប់សង្រ្គាម និងអំពើហិង្សា” របស់កម្មវិធី»៕ Source: Sabay

Most Popular

To Top