បារីស៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Twitter វាយប្រហារតារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Ningning របស់សមាជិក Aespa ចំពោះអាកប្បកិរិយាឈ្លើយរបស់នាង ចំពោះអ្នកគាំទ្រកម្មវិធី Paris Fashion Week នៅទីក្រុងប៉ារីស ។
ការបង្ហោះថ្មីៗនេះលើ Twitter វីដេអូឃ្លីបរបស់សមាជិក Aespa នាង Ningning ដើរទៅរថយន្តរបស់នាង ដោយស្លៀកពាក់ឈុតតូចពណ៌ខ្មៅដ៏ប្រណិត ជាមួយនឹងសក់របស់នាង ចងជាប់យ៉ាងស្អាត ធ្វើឲ្យនាងNingning បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ របស់នាងយ៉ាងឆាប់រហ័ស នៅទីក្រុងប៉ារីស ជាកន្លែងដែលនាង និងសមាជិក Aespa របស់នាងបានទៅចូលរួមកម្មវិធី Paris Fashion Week កាលពីពេលថ្មីៗនេះ។
អ្នកគាំទ្រក្នុងវីដេអូ ត្រូវបានគេឮស្រែកហៅឈ្មោះនាង Ningning ប៉ុន្តែនាង Ningning នៅតែបន្តដើរទៅរករថយន្តរបស់នាង យ៉ាងស្ងៀមស្ងាត់។ នៅក្នុងការបង្ហោះរួមវីដេអូឃ្លីបនោះ អ្នកនិយមលេងអ៊ីនធើណេត បានចោទជាសំណួរថា តើនាង Ningning បានបិទត្រចៀកនាងដែរឬទេ បន្ទាប់ពីឮអ្នកគាំទ្រហៅឈ្មោះនាង។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ Twitter ផ្សេងទៀតក៏បានរិះគន់ការបង្ហោះដើមរបស់ Tweet ចំពោះការយកឈុតខ្លីនេះ ចេញពីបរិបទ បង្កើតឲ្យមានការជជែកដេញដោល លើអ៊ីនធើណេតយ៉ាងក្តៅគគុក៕ ដោយ៖លី ភីលីព