ភ្នំពេញ៖ មែនទែនទៅ លោក ខាន់ ជែមស៍ ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ ព្រមទាំងឈរជើងយ៉ាងរឹងមាំ នៅក្នុងវិស័យចម្រៀ់ង និងជាតារាចម្រៀងលេចធ្លោម្នាក់ ក្នុងផលិតកម្មសាន់ដេ។
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះលោកហាក់មិនមានបទចម្រៀងថ្មីៗ នៅក្នុងផលិតកម្មសាន់ដេនោះឡើយ ខណៈកាលពីថ្ងៃទី ២១ ម្សិលមិញនេះលោកបានប្រកាសថានឹង បើកផលិតកម្មផ្ទាល់ខ្លួន ។
បើតាមម្ចាស់បទ «របាំចងស្នេហ៍» រូបបនេះបានឱ្យដឹងថា ការបើកផលិតកម្មផ្ទាល់ខ្លួននេះ
ព្រោះលោកបានបញ្ចប់កិច្ចសន្យា ជាមួយផលិតកម្មសាន់ដេហើយ ដោយមិនមានបញ្ហាអ្វីទាំងអស់ ណាមួយដោយសារកូនប្រុសស្រីទាំងបួនរបស់លោក សុទ្ធតែមានទេពកោសល្យសិល្បៈគ្រប់គ្នា ដូចនេះលោកអាចធ្វើបទចម្រៀង ទៅតាមអ្វីដែលលោកចង់បាន ហើយលោករំពឹងថា មហាជននឹងគាំទ្រកូនៗរបស់លោក ។
គួរបញ្ជាក់ថា លោក ខាន់ ជែមស៍ បានដាក់ឈ្មោះផលិតកម្មរបស់ខ្លួនថា ខាន់ ជែមស៍ Production ដែលនឹងចាប់ផ្តើមចេញបទចម្រៀងនៅក្នុងកំឡុងខែវិច្ឆិកាខាងមុខនេះ ក្រៅពីលោក ខាន់ ជែមស៍ រួមនឹងកូនប្រុសស្រីទាំងបួន ក៏នៅមានតារាចម្រៀងបីរូបផ្សេងទៀត តែលោកមិនទាន់បញ្ចេញឈ្មោះនោះទេ ឯការចំណាយដើមទុនប៉ុន្មាន ដើម្បីបើកផលិតកម្មខ្លួនឯងនេះក៏លោកមិនបានបង្ហើបប្រាប់ដូចគ្នា៕ ដោយ៖ ម៉ានី