សិល្បៈ និង កម្សាន្ត

បង្ហាញអត្តសញ្ញាណ​ កូនស្រីច្បង របស់តារាចម្រៀង ខាន់ ជេមស៌ មានមុខមាត់ស្អាត គួរឱ្យស្រឡាញ់ មិនចាញ់តារាស្រីៗក្នុងស្រុកប៉ុន្មានឡើយ

ភ្នំពេញ ៖ ដូចដែលទស្សនិកជនធ្លាប់បានដឹងរួចមកហើយថា បច្ចុប្បន្ននេះតារាចម្រៀង ខាន់ ជេមស៌ មានកូនប្រុសស្រីធំៗទន្ទឹមខ្លួនចំនួន ៤នាក់ ក្រោមចំណងដៃ អាពាហ៍ពិពាហ៍រយៈជាង ២០ឆ្នាំ ជាមួយភរិយា របស់លោកឈ្មោះអ្នកស្រី សុខ សុចិន្ដា ។

ក្នុងចំណោមកូនៗ ទាំង៤នាក់របស់ម្ចាស់បទ «សម្រែកបេះដូង» នេះដែរ មហាជនបានចាប់អារម្មណ៍ខ្លាំង ទៅលើកូនស្រីច្បង ដោយសារតែនាងមានរូប សម្រស់ស្រស់ស្អាត ក៏ដូចជាការនិយមតុបតែងខ្លួន បែបយុវវ័យខាងប៉ែកអាមេរិក និងអឺរ៉ុប យ៉ាងដូច្នេះដែរ ។

កូនស្រីច្បង របស់តារាចម្រៀង ខាន់ ជេមស៌ រូបនេះមានឈ្មោះ ជេមស៌ លក្ខណា បច្ចុប្បន្នមានវ័យ ១៧ឆ្នាំ ។ ហើយនាង ត្រូវបានទទួលការ ស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ម្ដាយឪពុកយ៉ាងខ្លាំង ព្រមទាំងទទួលជាកាដូរថយន្តទំនើបផ្ទាល់ខ្លួន ពីឪពុកម្ដាយថែមទៀតផង ។

គួរឱ្យដឹងផងដែរថា តារាចម្រៀង ខាន់ ជេមស៍ បានចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងផលិតកម្ម រ៉ក នាកំលុងឆ្នាំ ២០០៧ តាមរយៈបទ ចម្រៀងជាច្រើន បទដូចជាបទ “សម្រែកបេះដូង” “រយពាន់ផ្ញើសារ” “បុប្ផាក្រពុំ” “ស្នេហ៍អូនជានិច្ច” របាំចងស្នេហ៍” និងបទ “ស្ដាយក្រោយ” ។ល។ បើយោងតាមការរៀបរាប់ប្រវត្តិត្រួសៗ របស់លោក នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានឱ្យដឹងថា នាកំលុងឆ្នាំ ១៩៩៨ លោកជាកម្មករ ចុះតាមទូកនៅប្រទេសថៃ នៅឆ្នាំ ២០០២ ក្លាយជាតារាចម្រៀង តាមបៀរហ្គាឌិន និងនៅឆ្នាំ ២០០៧ មានវាសនាក្លាយជាតារាចម្រៀងល្បី ហើយរហូតដល់សព្វថ្ងៃនេះ លោកជាតារាចម្រៀងផង និងជាសហគ្រិនផង ។

យ៉ាងណាមិញ ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលលោក ជេមស៌ បានបង្ហាញពីមុខមាត់ពិត ច្បាស់ៗ របស់ប្រពន្ធ និងកូនៗទាំង ៤នាក់ ដែលជាហេតុនាំឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានសោះថា តារាចម្រៀងប្រុសដែលមើលទៅស្រស់សង្ហារ និងក្មេងបែបនេះ មានកូនធំៗអស់ទៅហើយ ដោយកូនស្រីច្បងមានវ័យរហូតដល់ ១៧ឆ្នាំ ។ មិនតែប៉ុណ្ណោះគ្រប់ៗកូនៗ ក៏សុទ្ធតែមានដុងសិល្បៈ កាត់តាមឪពុករបស់គេដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top