ភ្នំពេញ ៖ ដ្បិតថាមិនបានចូល Top 5 ប៉ុន្តែបវរកញ្ញា តំណាងប្រទេសកម្ពុជា ពេជ្រ វត្តីសារ៉ារឌ្ឍី បានធ្វើឱ្យប្រជាជនកម្ពុជា ពោលសរសើរ មិនដាច់ពីមាត់ ក្រោយពីជាប់លំដាប់រងទី៥ (Top10) លើឆាកអន្តរជាតិ ដែលទទួលបាន ដោយសមត្ថភាពពិតប្រាកដ ។

មហាជនជ្រាបមកហើយថា កម្មវិធី Miss Grand International 2022 បានរកឃើញម្ចាស់មកុដថ្មី ហើយកាលពីយប់ថ្ងៃទី២៥ ខែតុលា ដែលបានទៅលើ បវរកញ្ញាតំណាងប្រទេសប្រេស៊ីល ។ ក្នុងនោះសម្រាប់តំណាង ប្រទេសកម្ពុជា មានកញ្ញា ពេជ្រ វត្តីសារ៉ារឌ្ឍី ក៏ធ្វើឱ្យប្រជាជនកម្ពុជា សម្តែងក្តីរីករាយ និងរំភើបចិត្តចំពោះនាង ដែលអាចចូលក្នុង១០នាក់ចុងក្រោយ ដែលបានក្លាយជាលំដាប់រងទី៥ ទទួលបានមកុដ និងត្រូវបន្តការងារជាមួយក្រុមហ៊ុន Miss Grand International ផងដែរ ។
ភាពជោគជ័យនេះ មហាជនជាច្រើនបានបង្ហាញមោទកភាព ចំពោះបវរកញ្ញាកម្ពុជា មិនត្រឹមតែស្អាត ឆ្លាត និងពូកែ តែប៉ុណ្ណោះទេ តែនាងក៏បង្កើតមិត្តភាព ជាមួយបវរកញ្ញាផ្សេងទៀត បានយ៉ាងល្អ ទទួលបានការស្រលាញ់ចូលចិត្តជាច្រើន។

គួរបញ្ជាក់ផងដែរថា ម្ចាស់មកុដបានទៅលើ បវរកញ្ញាតំណាងប្រទេសប្រេស៊ីល លំដាប់រងទី១ បានទៅលើបវរកញ្ញាប្រទេសថៃ លំដាប់រងទី២ បានទៅលើបវរកញ្ញាប្រទេសឥណ្ឌូនេស៊ី លំដាប់រងទី៣ បានទៅលើបវរកញ្ញាប្រទេសវេនេស៊ុយអេឡា និងលំដាប់រងទី៤ បានទៅលើបវរកញ្ញាតំណាង សាធារណរដ្ឋឆេក៕
ដោយ៖ ម៉ានី
